កំពត៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា ពិធីបុណ្យសមុទ្រនៅខេត្តកំពត មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តប្រមាណ ៩០ម៉ឺននាក់ ក្នុងរយះ៣ថ្ងៃ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ និងរលូន ដោយជោគជ័យ។
លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្ងៃទី១នៃពិធីបុណ្យមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកទស្សនាប្រមាណ ២០ម៉ឺននាក់ ថ្ងៃទី២ ជាថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមប្រមាណ ៤០ម៉ឺននាក់ និងថ្ងៃទី៣មានប្រមាណ ៣០ម៉ឺននាក់ សរុបគឺមានចំនួនប្រមាណ ៩០ម៉ឺននាក់ (ភ្ញៀវទៅទស្សនាតាមរមណីយដ្ឋាននានាក្នុងខេត្តកំពតមានប្រមាណ ៤ម៉ឺននាក់) ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,០០០នាក់ ពោលគឺលើសការរំពឹងទុកទៅទៀត។ កាលពីបុណ្យសមុទ្រនៅខេត្តកំពតជុំទី១ មានភ្ញៀវចូលទស្សនាកម្សាន្តតែ ៣៥ម៉ឺនប៉ុណ្ណោះ។
ពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នារាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នេះ លោករដ្ឋមន្ត្រី ថោង ខុន បានផ្ដល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធខិតខំផ្ដល់ហេដ្ឋរចនាសម្ព័ន្ធឯកជន ក្នុងនោះសហគមន៍ទេសចរណ៍ក៏ត្រូវខិតខំបង្កើតផលិតផលឱ្យបានច្រើន ពោលផលិតផលដែលប្រកបដោយគុណភាព ចំណែកឯប្រជាពលរដ្ឋក៏សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន ផ្តល់បដិសណ្ឋារកិច្ចដ៏ល្អពេញចិត្តដល់ភ្ញៀវទេសចរ ដាច់ ខាតមិនត្រូវបន្លំ ឬបោកប្រាសភ្ញៀវឱ្យសោះ។
«បុណ្យសមុទ្រលើកទី៨ ជុំទី២នេះ យើងបានឃើញប្រត្យក្សអំពីស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវរបស់គ្រប់ផ្នែកគ្រប់ថ្នាក់ ទាំងប្រជាពលរដ្ឋ ទាំងសាធារណៈ និងឯកជន»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋនៅខេត្តកំពត ក៏ដូច ជាខេត្តកោះកុង ព្រះសីហនុ និងខេត្តកែប សូមត្រៀមខ្លួនទទួលអបអរសាទរ និងចូលរួមក្នុងព្រិត្តិការណ៍ប្រណាំងកង់អន្តរជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ០៤-០៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ៕