ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងនាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅថ្ងៃចន្ទ ទី២៣ ខែធ្នូនេះ ក្នុងបំណងជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង ប្រធានាធិតី និងលោក លី ខឺឈាំងនាយករដ្ឋមន្ត្រីរបស់ប្រទេសចិន ។ នេះបើតាមការចុះផ្សាយរបស់ The japantimes News ។
ជំនួបត្រីភាគីរវាងមេដឹកនាំកំពូលនៃប្រទេសទាំង៣ គឺជប៉ុន ចិន និងកូរ៉េខាងត្បូង នឹងពិភាក្សាផ្តោតសំខាន់លើការគម្រាមពីកូរ៉េខាងជើងទៅលើសហរដ្ឋអាមេរិក ដោយកូរ៉េខាងជើងនឹងជូនកញ្ចប់កាដូជាការសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ប្រសិនបើអាមេរិកមិនចាប់ផ្តើមកិច្ចចរចាជាមួយកូរ៉េខាងជើងឡើងវិញនៅដំណាច់ឆ្នាំ២០១៩នេះ ។
The japantimes News បានបន្ថែមថា មូលហេតុដែលលោក មូន ជេអ៊ីន និងលោក ស៊ីនហ្សូ អាបេ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន គឺដោយសារមេដឹកនាំកំពូលនៃប្រទេសទាំងពីរយល់ថា ចិនមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការដាក់សម្ពាធលើកូរ៉េខាងជើង ទាំងខាងការទូត នយោបាយ និងទាំងខាងសេដ្ឋកិច្ចផងដែរ ៕