ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោថា៖ គយ និងនគរបាលអន្តោប្រវេសន៍ មិនត្រូវធ្វើការរំខានប្រជាពលរដ្ឋ រកស៊ីនៅផ្សារគំរូព្រំដែននេះឡើយ​

ត្បូងឃ្មុំ ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំ អភិបាលខេត្តត្បូងឃ្មុំ មន្រ្តីគយ និងប៉ូលិសអន្តោប្រវេសន៍ ឱ្យយកចិត្តទុកដាក់ ចំពោះផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាម ព្រោះថា ប្រសិនបើផ្សារគំរូដោះដូរទំនិញកម្ពុជា និងវៀតណាមដែលសម្ភោធ នាពេលនេះបរាជ័យមិន ដំណើរការនោះ តំណែងចៅហ្វាយខេត្តត្បូងឃ្មុំក៏មិនអាចរក្សាបានដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទាំងមន្ត្រីគយ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ មិនត្រូវធ្វើការរំខានណាមួយដល់ប្រជាពលរដ្ឋ ដែលរកស៊ីនៅផ្សារគំរូព្រំដែនកម្ពុជានោះឡើយ​។ ប្រសិនជា មានការរំខានណាមួយ ប្រជាពលរដ្ឋនឹងបង្កើតច្រករបៀងរកស៊ីដោយខ្លួនឯង នោះហើយជាបញ្ហាដែលគ្រប់គ្រងអត់បាន ហើយនៅពេលដែលគ្រប់គ្រងអត់បាន អាចបើកឱកាសឱ្យឧក្រិដ្ឋជនគ្រឿងញៀន និងការធ្វើឧក្រិដ្ឋកម្មផ្សេងៗដោយប្រើច្រក របៀងទាំងនេះ ដូច្នេះហើយបានស្នើឱ្យធ្វើកិច្ចការនេះឱ្យបានម៉ត់ចត់។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា យ៉ាងដូច្នេះថា « ផ្សារដានេះគឺជាផ្សារគំរូ ហើយបើផ្សារនេះបរាជ័យ ផ្សារដទៃទៀតដែលយើង ត្រៀមបង្កើតឡើងវាគ្មានវឌ្ឍនភាពទេ ដូចនេះហើយ អភិបាលខេត្តត្បូងឃ្មុំ ត្រូវមើលឱ្យច្បាស់ ចំណុចហ្នឹង បើផ្សារនេះបរាជ័យតំណែងជាអភិបាលខេត្តក៏មិនបន្តបានទៀតដែរ »។

សូមជម្រាបថា ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម មានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។

ផ្សារនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ​ ៕