ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជានឹងបង្កើតផ្សារព្រំដែនគំរូថែមទៀតនៅខេត្តស្វាយរៀងនិងកំពត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចង់ឲ្យមានការកសាងផ្សារសហគមគំរូតាមបណ្តាព្រំដែនកម្ពុជា-វៀត​ណា​ម អោយបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការធ្វើជំនួញ និង ពាណិជ្ជកម្មតូចធំ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៃប្រ​ទេសទាំងពីរមានទីផ្សារសមរម្យលក់ដូរទំនិញដើម្បីបង្កើនជីវភាពរស់នៅអោយកាន់តែល្អប្រសើរ។

នៅក្នុងឱកាស អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម “ផ្សារសហគមព្រំដែនគំរូកម្ពុជា” នៅក្នុងខេត្តត្បូងឃ្មុំកាល​ពីព្រឹកមិញថ្ងៃទី ២៤ ខែ ធ្នូ ២០១៩ នេះ សម្តេចតេជោ បានបញ្ជាឲ្យប្រសួងពាណិជ្ជកម្ម រៀបចំបង្កើតផ្សារគំរូ២ថែមទៀត​យកតាមរចនាបទខ្មែរ ដែលនឹងគ្រោងបង្កើតឡើងនៅខេត្តស្វាយរៀង និង ខេត្តកំពត ដែលត្រូវប្រើប្រាស់ថវិកា ជាតិ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យអភិបាលខេត្តទាំងពីរត្រៀមទីតាំងដីជួយសម្របសម្រួលឲ្យស្របជាមួយនឹងទិសដៅនៃការបើកច្រកចេញចូលព្រំដែនកម្ពុជាវៀតណាម ដើម្បីរៀបចំកសាងផ្សារសហគមគំរូនេះ។ ភាពជោគ​ជ័យរបស់ផ្សារសហគមគំរូនេះ គឺត្រូវការមានការចូលរួមនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អភិបាលខេត្តផងដែរ គឺមិនត្រូវបណ្តែតបណ្តោយបង្កើតហើយមិនមើលនោះទេ។

សម្តេចតេជោ សង្ឃឹមថា នៅពេលកម្ពុជាមានផ្សារសហគមគំរូកាន់តែច្រើន គឺនឹងជួយបង្កើនទំនិញនាំចេញទៅប្រទេស​វៀត​ណាមកាន់តែច្រើន ដែលនឹងកាន់តែធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែនកាន់តែធូរធារ ហើយទន្ទឹមនឹងនោះ គឺនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិអោយកាន់តែរឹងមាំថែមទៀត៕