កាសែត Le Monde បានចុះផ្សាយថា ក្រុមហ៊ុនអយស្ម័យានរបស់ប្រទេសបារាំង SNCF បានខាតបង់ទឹកប្រាក់ប្រមាណជាង៤០០លានអឺរ៉ូ ដោយសារបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុននេះ បានធ្វើកូដកម្មមិនព្រមចូលធ្វើការក្នុងរយៈពេល២២ថ្ងៃ គិតត្រឹមថ្ងៃ ពុធ ទី២៥ ខែធ្នូនេះ ។
បុគ្គលិករបស់ក្រុមហ៊ុន SNCF បានធ្វើកូដកម្មដោយមិនចូលបម្រើការងារ ដោយប្រឆាំងជំទាស់នឹងកំណែទម្រង់ច្បាប់ចូលនិវត្តន៍ ហើយក្រុមសហជីពអ្នកបើកបរបានប្រកាសបន្តធ្វើកូដកម្ម រហូតដល់ក្រុមហ៊ុននេះ ចេញមុខដោះស្រាយទៅតាមការទាម ទាររបស់ពូកគេ ។
សូមរំលឹកជូនថា កាលពីឆ្នាំ២០១៨កន្លងទៅ ក្រុមហ៊ុនអយស្ម័យាន SNCF ក៏បានខាត បង់ទឹកប្រាក់ប្រមាណ ជាង៩០០លានអឺរ៉ូដែរ ដោយសារក្បួនបាតុកម្ម និងកូដកម្មរបស់បុគ្គលិក ដែលបានធ្វើអស់រយៈពេលជាង៣ខែ ដែលនាំអោយមានការខកខានសេវាកម្មរបស់ខ្លួនជាបន្តបន្ទាប់ ។
កាសែត Le Monde បានចុះផ្សាយបន្តទៀតថា ទំហំនៃការខាតបង់ទឹកប្រាក់របស់ក្រុមហ៊ុននេះ អាចនឹងមានបរិមាណកាន់តែច្រើនថែមទៀត ប្រសិនបើបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុននេះ នៅតែបន្តធ្វើកូដកម្ម ហើយក្រុមហ៊ុនមិនបានដោះស្រាយទៅ តាមការទាមទាររបស់បុគ្គលិកនោះទេ ៕