ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកស្នើកូរ៉េខាងជើងឲ្យចរចាក្រោយលោក ត្រាំ ផ្ញើលិខិតជូនពរខួបកំណើត លោក គីម

លោក រ៉ូបឺត អូប្រាយអិន (Robert O’Brien) ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃអាទិត្យ ទី១២ ខែមករានេះថា អាមេរិកបានស្នើទៅកូរ៉េខាងជើងរួចហើយ ក្នុងការចាប់ផ្តើមកិច្ចចរចាទ្វេភាគីឡើងវិញនៅពេលខាងមុខស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរនិងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។
លោក រ៉ូបឺត អូប្រាយអិន បានបន្ថែមថា សំណើក្នុងការចាប់ផ្តើមកិច្ចចរចាឡើងវិញនេះត្រូវបានធ្វើឡើង ក្រោយពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនពរថ្ងៃខួបកំណើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
សូមរំលឹកជូនថា កាលពីថ្ងៃសៅរ៍ ទី១១ខែមករានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយថា លោក គីម ជុងអ៊ុន បានទទួលលិខិតជូនពរនោះហើយ ប៉ុន្តែត្រឹមតែលិខិតជូនពរលោក គីម ជុងអ៊ុនពីលោក ដូណាល់ ត្រាំ គឺមិនគ្រប់គ្រាន់ទេសម្រាប់កូរ៉េខាងជើងក្នុងការវិលត្រឡប់ទៅចូលតុចរចាជាមួយសហរដ្ឋអាមេរិកវិញ ៕