ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូល បានបើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពផ្នែកច្បាប់ដល់មន្រ្តីកាំកុងត្រូលឱ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅ ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពផ្នែកច្បាប់ដល់មន្រ្តីកាំកុងត្រូលឱ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅ។
លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូលបានមានប្រសាសន៍ថា ក្រោយពីរាជរដ្ឋាភិបាលសម្រេចធ្វើការកែសម្រួលស្ថាប័នមានសមត្ថកិច្ចកាំកុងត្រូលរួចមក យើងបានកសាងបទដ្ឋានគតិយុត្តជាច្រើនដើម្បីពង្រឹងការងារក៏ដូចជាអង្គភាពទាំងមូលឱ្យកាន់តែមានប្រសិទ្ធភាព។
លោក ផាន អូន អគ្គនាយករង បានមានប្រសាសន៍ថា សូមឱ្យមន្រ្តីកាំកុងត្រូលទាំងអស់យកចិត្តទុកដាក់ក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន ដោយប្រកាន់ជំហរលើច្បាប់ និងបទដ្ឋានគតិយុត្តរបស់យើងដែលមានរួចមកហើយ គឺច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិផលទំនិញ និងសេវា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្ដីពីការកំណត់នីតិវិធីនៃការនាំចូលម្ហូបអាហារ ដើម្បីឱ្យការងាររបស់អង្គភាពទទួលបានលទ្ធផលល្អ ៕