ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក ហានសាន រ៉ូហានី (Hassan Rouhani) បានព្រមាននៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករានេះ ឲ្យកងទ័ពបរទេសដកខ្លួនចេញពីតំបន់មជ្ឈិមបូព៌ាជាបន្ទាន់ បើមិនដូច្នេះទេ កងទ័ពបរទេសទាំងនោះនឹងមានគ្រោះថ្នាក់ ។ នេះបើតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ អាល់ចាហ្ស៊ីរ៉ា (Aljazeera) របស់ប្រទេសកាតា ។
ការព្រមានរបស់លោក ហានសាន រ៉ូហានី មិនបានលើកឡើងចំឈ្មោះពីកងទ័ពរបស់ប្រទេសណាមួយនៅតំបន់មជ្ឈិមបូព៌ានោះទេ ។ ប៉ុន្តែប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ទំនងជាសំដៅលើកងទ័ពរបស់សហរដ្ឋអាមេរិក និងកងទ័ពរបស់អង្គការណាតូ ដែលកំពុងដាក់ពង្រាយនៅក្នុងប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា មាននៅប្រទេសអារ៉ាប៊ី សាអូឌីត កាតា អារ៉ាប់រួម អូម៉ង់ និងប្រទេសគុយវ៉ែតជាដើម ។
ក្រុមអ្នកតាមដាននយោបាយនៅតំបន់មជ្ឈិមបូព៌ា បានលើកឡើងថា ថ្វីត្បិតតែភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែការប៉ះទង្គិចគ្នាដោយយោធារវាងប្រទេសទាំងពីរ អាចនឹងកើតឡើងភ្លាមៗនៅពេលខាងមុខ ដោយសារអរិភាពនៃប្រទេសទាំងពីរនៅតែមាន និងសន្តិភាពក្នុងតំបន់នៅផុយស្រួយនៅឡើយ ៕