(កំពង់ចាម)៖ លោក ហេរ៉ូ សុជាតិ អ្នកជំនាញខាងជំនួញផ្នែកអចលនទ្រព្យ ដែលមានបទពិសោធន៍ក្នុងការរកស៊ីទិញ-លក់ដី ផ្ទះសម្បែងនៅក្នុងរាជធានីភ្នំពេញ បានកត់សម្គាល់បែបនេះ នៅក្នុងបទបង្ហាញរបស់លោក នៅឯសិក្ខាសាលាមួយស្តីវិជ្ជាជីវៈផ្នែកជំនួញដីធ្លី នាខេត្តកំពង់ចាម កាលពីសប្តាហ៍មុន ដើម្បីចែករំលែកបទសោធន៍ដល់ះអ្នករស់នៅក្នុងខេត្ត ដែលកំពុងតែធ្វើ និងមានបំណងធ្វើជំនួញលើវិស័យនេះ។
លោកបានណែនាំដល់អ្នកជំនួញវិស័យនេះថា «ខ្ញុំលើកទើកចិត្តអ្នកទាំងអស់គ្នា ប្រសិនបើរកស៊ីក្នុងវិស័យនេះ សូមគិតគុណធម៌។ មានប៉ុន្មាន រកបានប៉ុន្មាន យើងចែករំលែកគ្នាទៅ…ផ្ទះធំប៉ុណ្ណា ដេកតែមួយគ្រែទេ, ឡនទំនើបយ៉ាងណាក៏ជិះតែមួយកន្លែងដែរ… មានលុយយ៉ាងណាហូបតែ៣ពេលទេ»៕
អ្នកឯកទេសខាងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជារូបនេះ បានកត់សម្គាល់ថា អត្តចរឹតដើមរបស់អ្នកជំនួញដីធ្លីងាយប្រែប្រួលណាស់ ប្រសិនខ្វះភាពស្មោះត្រង់ ហើយលោភលន់ចង់បានតែផលប្រយោជន៍ផ្ទាល់ខ្លួនហួសហេតុពេក រហូតបាត់បង់អស់គុណធម៌។
លោក ហេរ៉ូ សុជាតិ បានមានប្រសាសន៍ថា «នៅក្នុងទីផ្សារសេរី បច្ចុប្បន្ននេះ យើងចៀសមិនផុតពីការប្រកួតប្រជែងទេ។ យើងយកការប្រកួតប្រជែងធ្វើជាកម្លាំងចលករឲ្យយើងចេះប្រឹងប្រែង ហើយធ្វើការងារហ្នឹងឲ្យជោគជ័យ។ សំខាន់យើងប្រកួតប្រជែងដោយឈរលើគុណធម៌ ទើបអ្នកធ្វើការមានតម្លៃ។ វាជាការពិតណាស់ អ្នកធ្វើជំនួញមួយចំនួនអត់គិតគុណធម៌ទេ គឺគិតតែសញ្ញាបូក ឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន»។
អ្នកជំនាញអចលនទ្រព្យ និងជាម្ចាស់ក្រុមហ៊ុន TOP4 Realty ដែលចាប់ដៃគូជាមួយវិនិយោគិនចិនធំៗ នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការធ្វើអាជីវកម្មនៅក្នុងទីផ្សារសេរី តែងតែមានការប្រកួតប្រជែងខាងចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ការងារ ទើបធ្វើឲ្យអ្នកប្រកបអាជីវកម្មទទួលបានការរីកចម្រើនលើរបររបស់ខ្លួន ព្រោះការប្រកួតប្រជែង គឺជាកម្លាំងមួយជួយរុញឲ្យអ្នកជំនួញខិតខំប្រឹងប្រែងកាន់តែខ្លាំង។
លោកបានបន្ថែមថា «វិស័យដីធ្លីនេះងាយធ្វើឲ្យមនុស្សផ្លាស់ប្តូរលឿនបំផុត! ហេតុអ្វី? គឺលុយ… ខ្ញុំធ្វើការនេះជាង២០ឆ្នាំ ជួបមនុស្ស១០០នាក់ សឹងតែ៩០នាក់ផ្លាស់ប្តូរ ព្រោះលុយនៅនឹងមុខ។ បាត់អស់ហើយមិត្តភក្តិ គុណធម៌លែងមានហើយ»។
លោកបានណែនាំថា អ្នកធ្វើជំនួញលើវិស័យនេះ គួរចេះបើកចិត្តឲ្យទូលាយ និងចេះចែករំលែកគ្នានូវផលចំណេញ ទើបបានសុខយូរអង្វែង ព្រោះអំពើក្បត់មិនអាចលាក់បានទេ ប៉ុន្តែបង្កើតភាពស្អប់ខ្ពើម និងជម្លោះ។
ចំណែកលោក ភិន សុផល ដែលជាសហគ្រិនជោគជ័យវ័យក្មេង លើវិស័យអចលនទ្រព្យនេះ គឺលោកមិនមែនធ្វើតែម្នាក់ឯងទេ ផ្ទុយទៅវិញ លោកមានមិត្តភក្តិ និងអ្នកភូមិចូលរួមដាក់ទុនវិនិយោគ ឬធ្វើជាភ្នាក់ងារលក់ប្រកបដោយគុណធម៌ និងស្មោះត្រង់ក្នុងការចែកផលប្រយោជន៍ ជាពិសេស ស្មោះត្រង់នឹងអតិថិជនរបស់ខ្លួន៕