ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន បើកយុទ្ធនាការចែកម៉ាសដោយពុំគិតប្រាក់ជូនពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ

លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបើកយុទ្ធនាការចែកម៉ាស ដោយពុំគិតប្រាក់ នៅថ្ងៃទី២៧ ខែមករានេះ ជូនដល់ភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ អាជីវករ ពលករ កម្មករអូសរទេះ អ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លើសពីនេះមានចែកនៅច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹង ខេត្តស្រៈកែវ នៃព្រះរាជាណាចក្រថៃ ហើយយុទ្ធនាការនេះ មានការចូលរួមពីមន្ត្រីក្រោមឱវាទ បិងមានការចូលរួមពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងសហការី ព្រមទាំងសមត្ថកិច្ចអន្តោប្រវេសន៍ថៃ ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក មួយចំនួនទៀត នៅចំណុចច្រកចេញ-ចូលគល់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន បញ្ជាក់ប្រាប់ Daily-Khmer ឲ្យដឹងថា«ការចែកម៉ាសនេះ ក្នុងគោលបំណងជួយទប់ស្កាត់ជំងឺផ្លូវដង្ហើម (វីរុសCORONA) ស្របពេលដែលជំងឺនេះ​កំ​​​​ពុងតែឆ្លងរាតត្បាត នៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោក»។
តាមការរំពឹងទុកក្នុងមួយថ្ងៃ ប៉ុស្តិ៍អាចចែកម៉ាសអស់ជាមធ្យោម ១៥.០០០ ទៅ ១៨.០០០ម៉ាស ហើយគ្រោងនឹងបន្តចែកជូនអ្នកដំណើរឆ្លងកាត់ ដោយឥតគិតថ្លៃ រហូតដល់មានសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ស្ដីពី វីរុសCORONA ត្រូវបានបញ្ចប់និងត្រូវចំណាយម៉ាសអស់យ៉ាងតិច ១.០០០.០០០ម៉ាស(មួយលានម៉ាស)ក្នុងរយៈពេល ០១ខែ៕