បន្ទាប់ពីរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារទី១ ផ្នែកឯកជន “កសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រុមអ្នកជំនួញកម្ពុជាល្បីៗបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីលើកយកបញ្ហាប្រឈមជាក់ស្តែងធំៗជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការវៈកាត់ ដែលធ្វើឡើង ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩នៃដើមខែមេសាឆ្នាំ២០២០នេះ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជននេះក្នុង១ ឆ្នាំធ្វើម្តង បន្ទាប់ពីលើកទី១៨ រួចមក ហើយឆ្នាំ២០២០ក្នុងនាមវិស័យយើងបានត្រៀមបញ្ហាចាំបាច់បំផុត ខណៈដែលកន្លងទៅថ្នាក់ឬរដ្ឋមន្រ្តីមិនអាចដោះស្រាយបាន នឹងយើងនឹងដាក់ជូនសម្តេច ដើម្បីវៈកាត់នៅថ្ងៃទី១ ខែមេសាឆ្នាំ២០២០ ក្នុងវេទិការលើកទី១៩នេះ។
លោកឧកញ៉ាមានប្រសាសន៍ទៀតថា «ខ្ញុំជឿថាសម្តេចតេជោ គាត់នឹងមានវិធានការរបស់សម្តេចហើយដែរ ក្នុងការដាក់ចេញនោះ ដូចជា វេទិកាលើកទី១៨ ដែលបានដាក់ចេញជាច្រើនចំណុចមានរហូត១៧ ចំណុចផងដែរ ហើយលើកនេះយើងរំពឹងថា នឹងទទួលបានការសម្រួលនិងកាត់បន្ថយបែបបទ ឯកសារស្នើសុំផ្សេងៗ ទាំងច្បាប់វិនិយោគ និងច្បាប់សាងសង់ឲ្យបានលឿន ដែលវិស័យឯកជនចង់បានយូរហើយ យើងត្រូវរួមគ្នាធ្វើការទាំងអស់គ្នា ដើម្បីសង្គមជាតិយើង»។
អ្នកវិនិយោគរំពឹងថា វិធានការធ្វើកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល គឺ ដើម្បីទាក់ទាញអ្នកវិនិយោគ មកអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយបើសិនជាច្បាប់កម្ពុជាយើងមិនផ្តល់ភាពងាយស្រួលទេ ប្រទេសជិតខាងនឹងដើរទៅមុនកម្ពុជា។
អ្នកជំនួញល្បីៗនៅកម្ពុជាបានប្រជុំផ្ទៃក្នុង មុនដល់ វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងនោះរួមមាន លោក ឧកញ៉ា បណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុមការងារ ទី១ “កសិកម្ម និងកសិឧស្សាហកម្ម ” ផ្នែកឯកជន លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង ១៣ ផ្នែកឯកជន និងមាន បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
ក្រៅពីនេះ មានអនុសហប្រធានក្រុមការងារទី១ ផ្នែកឯកជន វត្តមាន លោក ឧកញ៉ា តែ តាំងប៉ សហប្រធានក្រុមការងារទី៣ ផ្នែកឯកជន លោក ឧកញ៉ា តាន់ គឺមមេង សហប្រធានក្រុមការងារទី ១២ ផ្នែកឯកជន និងមាន លោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។
មិនតែប៉ុណ្ណោះក៏មានចូលរួមពីសំ ណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា សមាគមអ្នកអភិវឌ្ឍន៍កៅស៊ូនៅកម្ពុជា តំណាងសភាពាណិជ្ជកម្មអឺរ៉ុប ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនឹងក្រុមការងារផ្នែកកសិកម្ម និងកសិឧស្សាហកម្មជាច្រើនរូបទៀតផងដែរ។
គោលដៅធំរបស់អ្នកជំនួញល្បីៗខាងលើគឺ គោលបំណងពិគ្រោះពិភាក្សា និងប្រមូលយកនូវបញ្ហាប្រឈម និងកង្វល់នានារបស់ផ្នែកឯកជនទាក់ទងទៅនឹងវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅកម្ពុជា ដើម្បីដាក់ចូលទៅក្នុងកិច្ចប្រជុំ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូរដ្ឋាភិបាលនាពេលខាងមុខនេះ។