រៀបរៀងដោយបណ្ឌិតគីម ហ៊ាង
ជាទូទៅអ្នកដែលមានផ្ទះផ្ទាល់ខ្លួន ហាក់មានលំហ្នឹងច្រើន ជាពិសេសយុវជនកម្ពុជា គួរតែខំបង្កើនចំណូល ដើម្បីមានលទ្ធភាពទិញផ្ទះ ជាជាងបន្តរស់នៅជាមួយឪពុកម្តាយ។
បើយើងខំរកប្រាក់ដោយខ្លួនឯង សម្រាប់ទិញផ្ទះ ធ្វើឲ្យយើងខិតខំប្រឹងប្រែងខ្លាំង ឬធ្វើឲ្យយើងមានសម្ពាធ ហើយមានតែមនុស្សមានសម្ពាធទេ ដែលអាចប្រើប្រាស់កម្លាំងកាយចិត្ត អស់លទ្ធភាព ឈានដល់ភាពជោគជ័យក្នុងជីវិត។
យុវជនត្រូវមានផ្ទះផ្ទាល់ខ្លួនបើលុយមិនគ្រប់ ត្រូវហ៊ានខ្ចីពីធនាគារបន្ថែម ដើម្បី ទិញវា ទោះបីរងសម្ពាធបង់ការប្រាក់ប្រចាំខែក្តី ព្រោះជាវិធីដ៏ល្អបំផុត សម្រាប់ការបានផ្ទះផ្ទាល់ខ្លួនស្នាក់នៅ និងមិនធ្វើឲ្យយើងចាយលុយខ្ជះខ្ជាយ ងាកមកប្រឹងប្រែង រកចំណូលអស់លទ្ធភាពដែលខ្លួនមាន។
បើយើងមានត្រឹម៥០%គួរតែទិញតែម្តង ហើយសល់៥០%ទៀត គួរខ្ចីធនាគារ ព្រោះបច្ចុប្បន្នមានធនាគារច្រើនណាស់ផ្តល់កម្ចីទិញផ្ទះ ដែលមានរយៈពេលវែង បង្កលក្ខណៈងាយស្រួលដល់អតិថិជនបង់រំលួស។
ឧទាហរណ៍ ផ្ទះមួយមានតម្លៃ៥ម៉ឺនដុល្លារ គាត់មានលុយ២៥០០០ដុល្លារ គាត់អត់ចង់ទិញភ្លាមនោះទេ ចាំសន្សំបានគ្រប់៥ម៉ឺនចាំទិញ តែទម្រាំសន្សំបាន២៥០០០ដុល្លារទៀត ផ្ទះនោះនឹងឡើងដល់១០ម៉ឺនដុល្លារតែម្តង។ ដូច្នេះការសន្សំលុយគ្រប់ បានស្វែងរក ទិញផ្ទះជាជម្រើសមួយដែលមិនត្រឹមត្រូវ។ ជាពិសេសតម្លៃដីធ្លីក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជាយើង៕