លោក ហាសាន រ៉ូហានី (Hassan Rouhani) ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ បានអំពាវនាវនៅថ្ងៃចន្ទ ទី២៧ ខែមករានេះ ដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យរួបរួមសាមគ្គីគ្នា កុំឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កេងចំណេញពីការបែកបាក់សាមគ្គី នេះបើតាមការចុះផ្សាយរបស់ Reuters ។
លោក រ៉ូហានី បានថ្លែងថា សហរដ្ឋអាមេរិកបានដាក់សម្ពាធទាំងខាងយោធា និងទាំងខាងទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ក្នុងគោលដៅរារាំងដល់ភាពជឿនលឿន និងការរីកចម្រើនរបស់អ៊ីរ៉ង់ ហើយមេដឹកនាំអាមេរិកក៏កំពុងប្រើយុទ្ធសាស្ត្របំបែកបំបាក់អ្នកនយោបាយ និងប្រជាពលរដ្ឋអ៊ីរ៉ង់ផងដែរ ។
ការអំពាវនាវរបស់លោក រ៉ូហានី ត្រូវបានធ្វើឡើងនៅមុនការបោះឆ្នោតជ្រើសរើសសមាជិកសភា ដោយលោកប្រធានាធិបតីរូបនេះបានបញ្ជាក់ថា លោកនឹងមិនអោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចជោគជ័យនោះទេ ៕