ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សិស្សវិទ្យាល័យហ៊ុន សែន ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដួលសន្លប់ជាបន្តបន្ទាប់ចំនួន១៤នាក់ 

 

មណ្ឌលគិរី៖ សិស្សវិទ្យាល័យហ៊ុនសែន កែវសីមា បានដួលសម្លប់ចំនួន១៤នាក់ទៀត នៅវេលាម៉ោង ២រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា សិស្សសាលាទាំងនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព និងពេទ្យឯកជន ស្រុកកែវសីមា និងមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី។

មន្ត្រីជំនាញពាក់ព័ន្ធ នៅមិនទាន់ដឹងពីមូលហេតុនាំឲ្យសិស្សដួលសន្លប់ជាបន្តបន្ទាប់នោះនៅឡើយទេ ដោយរង់ចាំមន្ត្រីជំនាញក្រសួងសុខាភិបាលចុះពិនិត្យ និងវិភាគរោគសញ្ញាឲ្យបានត្រឹមត្រូវជាមុនសិន។

លោក ប៊ុន សួ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីឲ្យដឹងថា មន្ត្រីជំនាញបានបញ្ជូនរថយន្តសង្គ្រោះទៅកន្លែងកើតហេតុ ។ ហើយ ក្រុមការងារកំពុងស្រាវជ្រាវរកមូលហេតុដែលនាំឲ្យសិស្សដួលសន្លប់នេះ បានកើតឡើងចំនួន២ដងមកហើយក្នុងសប្ដាហ៍នេះ ។

សូមបញ្ជាក់ថា សិស្សស្រីចំនួន ១០នាក់ ដែលកំពុងសិក្សានៅវិទ្យាល័ហ៊ុនសែនកែវសីម៉ា ស្ថិតនៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បានដួលសន្លប់ជាបន្តបន្ទាប់ ហើយកំពុង តែស្ថិតនៅក្នុងការសង្គ្រោះ របស់ក្រុមគ្រូពេទ្យ ក្នុងមូលដ្ឋាននេះ។

សិស្សម្នាក់ក្នុងចំណោមសិស្សដែលដួលសន្លប់ បានរៀបរាប់ថា ក្នុងពេលកំពុងសិក្សាពេលរសៀល ក៏ស្រាប់តែមានសិស្សម្នាក់ បានដួលសន្លប់ក្នុងបន្ទប់រៀន មួយសន្ទុះក្រោយមកក៏មានអ្នកដួលជាបន្តបន្ទាប់ទៀត ។

សិស្សដដែលបានរៀបរាប់ថា នៅសាលារៀនរបស់ពួកគេ គឺអគារសិក្សាថ្មី ដែលទើប សាងសង់រួច នឹងនៅក្បែរ ព្រៃការពាររបស់ដែនជម្រកសត្វព្រៃកែវសីមា ហើយនៅពេលដែលដួលសន្លប់នោះ អាកាសធាតុនៅក្នុងបន្ទប់រៀន មានសភាពក្តៅខ្លាំង បើទោះបីជាមានកង្ហារ ចំនួនពីរគ្រឿងក៏ដោយ។ សិស្សដដែលបន្តទៀតថា ចំពោះអាការៈ នៃសិស្សដែលដួលសន្លប់ គឺមានការចុកជើង ណែនដើមទ្រូង ពិបាកដកដង្ហើម និងវិលមុខ។

លោកវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យឯកជន ឈ្មោះ សុខ បញ្ញា២ បានឱ្យដឹងថា ចំពោះអាការៈនេះអាចបណ្ដាលមកពី ក្តៅខ្លាំង និងកង្វះអុកស៊ីសែននៅក្នុងបន្ទប់រៀន។

សូមបញ្ចាក់ថា ករណីដួលសន្លប់សិស្សវិទ្យាល័យហ៊ុនសែនកែវសីមានេះ ត្រូវបានសិស្សា នុសិស្សបញ្ជាក់ថា មិនមែនជាលើកទី១ទេ ។ការដួលសន្លប់នេះគឺបានអូសបន្លាយអស់រយៈពេលច្រើនថ្ងៃមកហើយ ប៉ុន្តែមានតែសិស្សម្នាក់ឬពីរនាក់ប៉ុណ្ណោះដែលដួលសន្លប់ ចាប់ពីថ្ងៃទី ២៣មករា ឆ្នាំ២០២០ ៕