ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឡុង ឌីម៉ង់ ប្រកាសគាំទ្របេសកកម្ម CEO Master Clubលើការបណ្តុះបណ្តាលសហគ្រិនកម្ពុជា

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ប្រកាសគាំទ្របេសកកម្ម CEO Master Club លើការបណ្តុះបណ្តាលសហគ្រិនកម្ពុជាឱ្យមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងគ្រប់គ្រងក្រុមហ៊ុនឱ្យមានលក្ខណៈស្តង់ដារ។

ការប្រកាសនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងគណៈប្រតិភូ CEO Master Club ជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ ស្របពេល លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club ត្រូវបានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ២០២០ រៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េក្នុងទីក្រុងស៊ូវ៉ុន។

លោក អោម សេងបូរ៉ា បានមានប្រសាសន៍ថា ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តម ឡុង ឌីម៉ង់ បានសម្តែងនូវសេចក្តីរំភើបរីករាយ និង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរូបលោក និងវាគ្មិនផ្សេងទៀតដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃចូលរួមបណ្តុះបណ្តាលលើកទឹកចិត្ត និងតម្រង់ទិសដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការនៅប្រទេសកូរ៉េឱ្យខិតខំប្រឹងប្រែងធ្វើការឱ្យបានល្អបំផុត និងត្រៀមខ្លួនឱ្យបានល្អបំផុតក្នុងការបម្លែងខ្លួនពីពលករឱ្យក្លាយទៅជាសហគ្រិនដ៏ជោគជ័យនាពេលអនាគត។

សម្រាប់ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់បេសកកម្មរបស់ CEO Master Club ក្នុងការបណ្តុះបណ្តាលសហគ្រិនកម្ពុជាឱ្យមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងគ្រប់គ្រងក្រុមហ៊ុនឱ្យមានលក្ខណៈស្តង់ដារ ក៏ដូចជាការពង្រីកទីផ្សាររបស់ខ្លួនមកកាន់ប្រទេសកូរ៉េ និង ការទាក់ទាញអ្នកវិនិយោគពីប្រទេសកូរ៉េ មកប្រទេសកម្ពុជាវិញផងដែរ។

  

លោកបានចាត់ទុក ការអញ្ជើញមកជួបបងប្អូនពលករកម្ពុជានៅក្នុងទីក្រុងស៊ូវ៉ុនលើកនេះ លោកពិតជាមានសេចក្តីរីករាយដែលបានជួយបង្កើនសមត្ថភាពនិងសេចក្តីសង្ឃឹមដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការនិងរស់នៅប្រទេសកូរ៉េ ឱ្យក្លាយជាបុគ្គលដ៏ឆ្នើម នៅកន្លែងការងារដើម្បីលើកកម្ពស់អត្តសញ្ញាណជនជាតិកម្ពុជានៅលើឆាកអន្តរជាតិ និងរៀបចំបម្លែងខ្លួនពីពលករទៅជាសហគ្រិនដ៏ជោគជ័យនាពេលអនាគត។

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ CEO Master Club បានបណ្ដុះបណ្ដាលសហគ្រិនកម្ពុជាបានចំនួនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិតចំនួនប្រមាណ ១,១៥១នាក់ ដែលគ្រប់គ្រងអាជីវកម្មប្រមាណ ២,០០០ក្រុមហ៊ុន ដែលបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារ/ឆ្នាំ និងបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ១០ម៉ឺននាក់៕