(ភ្នំពេញ)៖ បន្ទាប់ពីមានរឿងអាស្រូវ ពាក់ព័ន្ធករណី បង្ខាំងអ្នកជំងឺ ដើម្បីទារប្រាក់ ថ្លៃសេវាខ្ពស់កប់ពពក កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ឲ្យមន្ត្រីជំនាញចុះទៅស្រាវជ្រាវ ដើម្បីរកឲ្យឃើញការពិត។
នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចក្រសួងសុខាភិបាល ដឹកនាំ ដោយ ឯកឧត្តម វិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងក្រុមមន្ត្រីជាន់ខ្ពស់ របស់ក្រសួងសុខាភិបាល ដោយមានកិច្ចសហការជាមួយអាជ្ញាធរខណ្ឌទួលគោក កំពុងចុះសាកសួរ ស្រាវជ្រាវ ទាំងភាគី គណៈគ្រប់គ្រងមន្ទីរពេទ្យ វ៉ិចតូរៀ និងភាគីអ្នកជំងឺ (ដែលអះអាងថាខ្លួនជាជនរងគ្រោះ)។
បើយោងតាមការបញ្ជាក់ពីមន្ត្រីចជំនាញប្រចាំខណ្ឌទួលគោក បានឲ្យដឹងថា មន្ទីរពេទ្យនេះ មានរឿងច្រើនលើកមកហើយ រហូតក្រសួងសុខាភិបាល សម្រេចឲ្យបិទទ្វា ម្តងរួចមកហើយ ប៉ុន្តែមន្ទីរពេទ្យនេះនៅតែដំណើរការដដែល និងបង្ករឿងដដែលៗ ធ្វើឲ្យមន្ត្រីដដែលៗ ចុះមកពិនិត្យស្រាវជ្រាវដដែលៗ។
សូមបញ្ជាក់ថា រឿងរ៉ាវដ៏ចម្រូងចម្រាស នេះបានកើតឡើងកាលពីយប់ថ្ហៃទី១៣ ខែមករានេះ បន្ទាប់ពីគ្រួសារអ្នកជំងឺ បានហៅអ្នកសារព័ត៌មាន ធ្វើសន្និសីទ ទាំងយប់ ដោយអះអាង ចោទប្រកាន់ថា មន្ទីរបពេទ្យ វ៉ិចតូរៀ បានបង្ខាំង សាច់ញាតិ ទារប្រាក់ ថ្លៃសេវាកម្មព្យាបាល ក្នុងទឹកប្រាក់ ២០០០ដុល្លារ។
សាច់ញាតិអ្នកជំងឺ បានថ្លែងប្រាប់ក្រុមអ្នកកាសែត ថា អ្នកជំងឺ (ជាស្ត្រី) មានបញ្ហាគីសក្នុងដៃស្បូន ទៅបពិនិត្យនៅ មន្ទីរពេទ្យឯកជន មួយនេះ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។
បន្ទាប់មក ក្រោយពីពិនិត្យរួចគ្រូពេទ្យ បានប្រាប់ថា ត្រូវតែវះកាត់ ជាបន្ទាន់ បើមិនដូច្នេះទេ អ្នកជំងឺអាចនឹងស្លាប់។
នៅពេលវះកាត់រួចរាល់ អ្នកជំងឺ បានសម្រាក នៅក្នុងមន្ទីរពេទ្យ ១យប់ ក៏សុំចេញទៅផ្ទះ ដោយបង់ប្រាក់ ៦០០ដុល្លារ ប៉ុន្តែភាគីមន្ទីរពេទ្យ មិនព្រម ដោយបានចេញវិក្កយបត្រ តម្លៃព្យាបាល អស់ ២០០០ដុល្លារ។
ក្រោយពីនិយាយគ្នារឿងតម្លៃមិនត្រូវ មន្ទីរពេទ្យ មិនអនុញ្ញាតឲ្យភាគីអ្នកជំងឺទៅផ្ទះ ទើបក្រុមគ្រួសារ អ្នកជំងឺ ហៅអ្នកកាសែត មកធ្វើសន្និសីទ នៅមុខមន្ទីរទេព្យតែម្តង។
បន្ទាប់ពីមានអន្តរាគមន៍ពី អាជ្ញាធរ ទើបភាគីមន្ទីរពេទ្យ សុខចិត្តយកថ្លៃសេវាព្យាបាលត្រឹម ៦០០ដុល្លារដើម្បីបញ្ចប់រឿង៕