សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នៅទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានស្តារនិងសាងសង់ផ្លូវលេខ២ និងលេខ២២ប្រវែងសរុបជាង ៧២គីឡូម៉ែត្រមានតម្លៃទឹកប្រាក់ ៥៦.១លានដុល្លារអាមេរិក ហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២ គឺមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ គឺមានកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។
ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៥៦.១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាន៍ថា កន្លងមកកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍប្រទេសជាតិ ដែលក្នុងនោះរួមមានផ្លូវ ទឹក ភ្លើង និងមនុស្ស ហើយបច្ចុប្បន្នក៏យើងនៅតែអនុវត្តដដែរ ដោយគ្រាន់តែប្តូមកទិសមកជា មនុស្ស ទឹក ផ្លូវ និងភ្លើង ហើយយុទ្ធសាស្ត្រទាំងនេះជាភាពជោគជ័យរបស់យើងកន្លងមក ដែលជាការរួមចំណែកក្នុងការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចកម្ពុជាយើង។
សម្តេចតេជោ ហ៊ុន សែនក៏បានសុំការយោគយល់ផងដែរអំពីសំណាក់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរតាមដងផ្លូវជាតិនេះ ដែលទន្ទឹងរង់ចាំយ៉ាងយូរនូវថ្ងៃបើកការដ្ឋានសាងសង់ និងផលរំខានពេលដំណើរការសាងសង់នោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកពីជំនួបរបស់សម្តេចផ្ទាល់ជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ក្នុងនោះសម្តេចបានស្នើរអោយមិត្តកូរ៉េពិចារណាក្នុងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ននេះ មានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដូច្នេះសម្តេចតេជោបានស្នើរដល់ភាគីនៃប្រទេសកូរ៉េ ពិចារណាក្នុងសាងស្ពានកម្ពុជា-កូរ៉េ នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់ថា« សំរាប់ទីតាំងដែលតម្រូវចាំបាច់ក្នុងការសាងសង់ស្ពាននៅកម្ពុជានោះ គឺនៅចំនុចពីតំបន់ជ្រោយចង្វារ ទៅស្វាយជ្រុំអរិយក្សត្រដែលកំពុងតែមានតម្រូវការរបស់ប្រជាពលរដ្ឋយើងដែលរស់នៅទីនោះ»។
សម្តេចតេជោបន្តថា តាមការប៉ាន់ប្រមានស្ពាននេះអាចចំណាយថវិការសាងសង់ ប្រមាណជា ៤០ទៅ ៥០លានដុល្លារ បើកម្ពុជាទទួលបានស្ពាននេះមួយទៀត គឺពិតជាបានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋយើង។
សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅអំឡុងខែមីនាខាងមុខ សម្តេចនឹងអញ្ជើញទៅសម្ពោធដាក់អោយប្រើប្រាស់ផ្លូវជាតិលេខ៥៥នៅថ្មដា ខេត្តពោធិសាត់ ដែលជាហិរញ្ញប្បទានរបស់មិត្តចិន រួមជាមួយនឹងការបើកការដ្ឋានផ្លូវជាតិលេខ១០ពីសំឡូតទៅកោះកុងផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអរគុណដ៏ជ្រាល ជ្រៅចំពោះ ប្រជាជននិងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលជាមិត្តនិងជាដៃគូអភិវឌ្ឍន៍ល្អមួយ ក្នុងចំណោមប្រទេសជាមិត្តល្អៗជាច្រើនដែលបាននិងកំពុងបន្តកិច្ចសហប្រត្តិបត្តិការ ល្អក្នុងការជួយអភិវឌ្ឍវិស័យជាច្រើន។
ការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ គឺជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងការជំរុញប្រសិទ្ធភាពផលិតភាព និងកាលានុវត្តភាពនៃសេដ្ឋកិច្ច-សង្គម ដែលនឹងទ្រទ្រង់ដល់ គោល នយោបាយ សមាហរណកម្មផ្ទៃក្នុងដែលបានរួមចំណែក យ៉ាង យ៉ាងសកម្មក្នុងការជួយលើក កម្ពស់ ប្រសិទ្ធ ភាព ចរាចរណ៍ ដឹក ជញ្ជូនពីភ្នំពេញ ទៅបណ្តាខេត្តនានា។
ជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ២ និងលេខ២២ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជូនពរអោយប្រជាពលរដ្ឋទាំងអស់ជូលួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នា។