ទស្សនមិត្តអ្នកអាន៖« សន្តិភាព អធិបតេយ្យជាតិ ឯករាជ្យភាព»ពិតជាមានតម្លៃអមត:សម្រាប់កម្ពុជាមិនមែនEABទេ
បើគណ:កម្មការអឺរ៉ុបពិតជាអនុវត្តនយោបាយគាំពាររបស់ខ្លួនដោយឈរលើគោលការណ៍សុទ្ធចិត្ត គណ:កម្មការមួយនេះត្រូវតែគោរពអធិបតេយ្យជាតិនិងឯករាជ្យភាពរបស់កម្ពុជា ។
ប្រជាជនកម្ពុជា អរគុណដល់គណ:កម្មការអឺរ៉ុបដែលបានផ្តល់ភាពអនុគ្រោះពន្ធដល់កម្ពុជាកន្លងមក ប៉ុន្តែក៏មិនអាចទទួលបានជាដាច់ខាត ប្រសិនបើគណ:កម្មការអឺរ៉ុបចង់បង្វិលកម្ពុជាតាមតែអំពើចិត្តរបស់ខ្លួន ដែលជាការឈានទៅរំលោភបំពានសិទ្ធិនិង បំផ្លាញសន្តិភាពនៅកម្ពុជា។ តាមរយ:ក្រោមលេស« ការស្តារប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»ដូចដែលគេបាននិងកំពុងធ្វើនេះ ហើយព្យាយាមអោយគណបក្សនយោបាយមួយដែលល្មើសច្បាប់មិនគោរពឆន្ទ:ប្រជាពលរដ្ឋឃុបឃិតជាមួយបរទេស អនុវត្តផែនការបដិវត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
តើ ឯណាទៅតម្លៃនៃប្រទេសមួយ បើគ្រាន់តែអនុវត្តច្បាប់ប្រទេសខ្លួនសោះ ធ្វើមិនបាន ហើយបែរជាត្រូវបានបង្គាប់បញ្ជាពីអ្នកដទៃនោះ ? ។ គណ:កម្មការអឺរ៉ុបគួរប្រើពេលវេលាមកសិក្សាអំពីស្ថានភាពពិតរបស់កម្ពុជាត្រឹមរយ:ពេល១ឆ្នាំកន្លះ ក្នុងនីតិកាលទី៦នៃរដ្ឋសភានេះ តើមានស្ថានភាពបែបណា ? មិនមែនមើលឃើញតែមួយជ្រុងនិងទន្ទេញចាំមាត់តែពាក្យ« ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»នោះទេ ។
បច្ចុប្បន្ន កម្ពុជាគ្មានប្រធានបទ « ប្រជាធិបតេយ្យ » ត្រូវនិយាយទៀតទេ ព្រោះរយ:ពេល២៥ ឆ្នាំនៃដំណើរប្រជាធិបតេយ្យគឺបានចាក់គ្រឹះយ៉ាងរឹងមាំហើយ ។ អត្ថន័យពិតនៃប្រជាធបិតេយ្យគឺ ៖ ការចូលរួមរបស់ប្រជាជននិងគណបក្សនយោបាយ មិនមែនស្ថិតនៅលើតែ ចំពោះគណបក្សនយោបាយមួយឬអ្នកអ្នកនយោបាយមួយចំនួនតូចដែលប្រព្រឹត្តិបទល្មើសប្រឆាំងច្បាប់កម្ពុជាឡើយ ។
សរុបជារួម ឯ បញ្ហាសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជាគឺមានពេញលេញលើកលែងតែអ្នកប្រព្រឹត្តបទល្មើស ប៉ុណ្ណោះដែលត្រូវប្រឈមចំពោះការអនុវត្តច្បាប់ ។ ដូច្នោះ ប្រជាជនកម្ពុជា ត្រូវការអ្វីដែលកំពុងមានសព្វថ្ងៃនេះ មានន័យថា ៖ គ្មានគណបក្សសង្គ្រោះជាតិ គ្មានឈ្មោះអ្នកនយោបាយសរង្សុី កឹមសុខាឡើយ ៕