ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែកុម្ភៈនេះ បានអញ្ជើញទៅជួប និងស្វាគមន៍អ្នកទេសចរបរទេសជាង ២០០០នាក់ នៅលើនាវាទេសចរណ៍អាមេរិក Westerdam ដែលកំពុងចតនៅកំពង់ផែ ខេត្តព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមមេក្រូ ពីលើកំពង់ផែក្រុងព្រះសីហនុ ទៅកាន់អ្នកទេសចរនៅលើនាវា ដោយសម្តេចប្រកាសអនុញ្ញាតឲ្យក្រុមអ្នកទេសចរបរទេសទាំងអស់លើនាវា អាចដើរលេងគ្រប់កន្លែងនៅកម្ពុជា អាចងូតទឹកសមុទ្រ ក៏ដូចជា ធ្វើដំណើរបន្តទៅលេងអង្គរវត្ត និងគ្រប់ទីកន្លែង នៅកម្ពុជា។
សម្តេចតេជោ បានប្រកាសកុំឲ្យមានការភ័យខ្លាច ទាំងអ្នកទេសចរលើនាវា ក៏ដូចជា ប្រជាពលរដ្ឋខ្មែរ អ្នកធ្វើការខាងសេវាកម្ម ភោជនីយដ្ឋាន សណ្ឋាគារ ការដឹកជញ្ជូននានា។ សម្តេចបានធានាថា មិនមានការឆ្លងជំងឺរលាកសួត កូវីដ ១៩ នោះទេ ហើយបើមានបញ្ហាសុខភាព គឺសម្តេចនឹងមានបញ្ហាមុនគេហើយ ព្រោះសម្តេចបានមកជួបអ្នកទេសចរទាំងនេះ ដោយផ្ទាល់តែម្តង។
ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលការស្វាគមន៍ និងកោតសរសើរពីឯកអគ្គរដ្ឋទូតអាមេរិក និងពីអគ្គនាយកនៃអង្គការសុខភាពពិភពលោក WHO។
កាលពីថ្ងៃទី១៣ ខែកុម្ភៈនេះ អ្នកទេសចរ ២០នាក់ មានបញ្ហាសុខភាព ហើយក្រុមគ្រូពេទ្យ បញ្ជូនសំណាក មកវិភាគពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ នៅភ្នំពេញ។ ប៉ុន្តែលទ្ធផល បង្ហាញជាផ្លូវការថា អ្នកទេសចរទាំងនោះ មិនមានជំងឺរលាកសួតថ្មី កូវីដ ១៩ នោះឡើយ ។
សូមបញ្ជាក់ថា នាវាទេសចរណ៍លំដាប់អន្តរជាតិឈ្មោះ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ បានបដិសេធ មិនឲ្យចូលចត ដោយសារតែព្រួយបារម្ភពីវីរុសកូរ៉ូណាថ្មី ឬ កូវីដ ១៩ (Covid-19)។
នាវាទេសចរណ៍អាមេរិកនេះ មានអ្នកទេសចរចម្រុះជាតិសាសន៍ ៤១សញ្ជាតិ ចំនួន ១៤៥៥ នាក់ មកពីជុំវិញពិភពលោក ក្នុងនោះ ក៏មានជនជាតិកាណាដា ៥នាក់ ដើមកំណើតខ្មែរ និងមានបុគ្គលិក ជាកងនាវិកបម្រើការលើនាវានេះ ចំនួន ៨០២ នាក់។
នាវាទេសចរណ៍នេះ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ សម្រាប់ដំណើរទេសចរណ៍ តាមបណ្តាប្រទេសនានា ៕