ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចៅក្រមតុលាការក្រុងភ្នំពេញ ម៉ម ច័ន្ទវណ្ណៈ ត្រូវជនរងគ្រោះដោយអយុត្តិធម៌ ប្តឹងទៅក្រសួងយុត្តិធម៌

ភ្នំពេញ៖ ជនរងគ្រោះក្នុងអំពើអយុត្តិធម៌ពីមន្ត្រីតុលាការ រហូតបាត់បង់ទ្រព្យសម្បត្តិស្ទើរគ្មានសល់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ​​​ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ​​​បានប្តឹងលោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ទៅក្រសួងយុត្តិធម៌ ដោយលើកឡើងថា ចៅក្រមរូបនេះ បានព្រងើយកន្តើយក្នុងការចាត់ការលើសំណុំរឿងអនុវត្តដោយបង្ខំ ហើយធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍យ៉ាងធ្ងន់ធ្ងរដែលស្រប់ច្បាប់។

បុរសវ័យ៥៧ឆ្នាំ ឈ្មោះ ឃិន សាមន រស់នៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននិយាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះថា ចៅក្រមនៅសាលាឧទ្ធរណ៍ ដែលស្ថិតក្រោមការត្រួតត្រាពីលោក យូ ប៊ុនឡេង ដែលប្រធានស្ថាប័នសាលាជម្រះក្តីមួយនេះ បានយកសំណុំរឿងក្តីក្នុងវិវាទដីធ្លីរបស់គាត់ អូសបន្លាយអស់ពេលជាង១១ឆ្នាំកន្លង ដើម្បីកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ទាំងបំពានច្បាប់ជាតិ។

លោកបានសរសេររៀបរាប់ជូនឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ។ នៅក្នុងពាក្យបណ្តឹងថា សំណុំរឿងអនុវត្តនេះ បានអូសបន្លាយពេលវេលាតាំងតែពីឆ្នាំ ២០១១ មកម្លេះ ដោយសារកំហុសរបស់តុលាការអនុវត្តដែលមិនបានអនុវត្តឲ្យបានត្រឹមត្រូវតាមក្រមនីតិវិធីរដ្ឋប្បវេណី ជាពិសេសមិនបានជូនដំណឹងមកភាគីកូនក្ដីរបស់ខ្ញុំដែលជាកូនបំណុលនៃការអនុវត្តអំពីការកំណត់តម្លៃលក់អប្បបរិមា ដែលតាមច្បាប់តម្រូវឲ្យជូនដំណឹងដល់កូនបំណុល ម្យ៉ាងទៀតយោងតាមមាត្រា៤៤៤ កថាខណ្ឌទី៤ បានចែងថា ដីកាសម្រេចអនុញ្ញាតឲ្យលក់ពុំមានអនុភាពទេ បើមិនទាន់ចូលជាស្ថាពរ ដោយសារតែមូលហេតុទាំងអស់នេះហើយ ទើបសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ចេញដីកាសម្រេចលុបចោលដីកាសម្រេចអនុញ្ញាតឲ្យលក់លេខ ៣៦៧ ត.រ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ របស់សាលាដំបូងរាជធានីភ្នំពេញ។

លោក ឃិន សាមន បានប្រាប់ទៀតថា «ការអូសបន្លាយពេលវេលាបន្តទៀត វានឹងធ្វើឲ្យខូចខាងផលប្រយោជន៍របស់ខ្ញុំបាទ ហើយបើក្នុងករណីដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយាជន៍ស្របច្បាប់របស់ខ្ញុំបាទ ខ្ញុំបាទនឹងប្តឹងលោកចៅក្រម ម៉ម ច័ន្ទវណ្ណៈ និងអ្នកពាក់ព័ន្ធទាំងអស់ទៅតុលាការ ដើម្បីទាមទារសំណងចំពោះការខូចខាត»។

មុននឹង​​​សម្រេចចិត្តប្តឹងលោក ម៉ម ច័ន្ទវណ្ណៈ មេធាវីការពារសិទ្ធិ ជនរងគ្រោះ បានដាក់ពាក្យសុំអន្តរាគមន៍ពីឯកឧត្តម អង្គ វង្សវឌ្ឍនា កាលពីថ្ងៃទី០៩​​​ ខែមករា ឆ្នាំ២០២០ ដោយសុំអន្តរាគមន៍ទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ ឲ្យបន្តនីតិវិធីលើសំណុំរឿងអនុវត្តដោយបង្ខំលេខ ១៦ អ.វ ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ២០១០ របស់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាសម្រេចស្ថាពរលេខ ០៩ លកសព / រវ ចុះថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៩ របស់សាលាឧទ្ធរណ៍ឲ្យបានឆាប់រហ័ស។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ មិនទាន់ឃើញចំណាត់ការណាមួយនៅឡើយទេ។

កន្លងមកបុរសរូបនេះ ធ្លាប់បាននិយាយទៀតថា «រឿងក្តីរបស់ខ្ញុំបានកើតឡើង តាំងពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩មកម្លេះ ហើយខ្ញុំបានទទួលភាពអយុត្តិធម៌ជាង១០ឆ្នាំ ក្រោមការអនុវត្តទាំងបំពានច្បាប់របស់លោក ឌុច គឹមសន អតីតចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចលក់ដីរបស់ខ្ញុំ ដែលមានទំហំជាងមួយហិកតា ក្នុងតម្លៃថោកបំផុត គឺទាបជាងប្រាក់ ខ្ញុំជំពាក់ឈ្មោះ គង់ ហួត ទៅទៀត»។

លោកបានរៀបរាប់ប្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទៀតថា «សំណុំរឿងអនុវត្តនេះ បានអូសបន្លាយពេលវេលាតាំងតែពីឆ្នាំ ២០១១មកម្លេះ ដោយសារកំហុសរបស់តុលាការអនុវត្តដែលមិនបានអនុវត្តឲ្យបានត្រឹមត្រូវតាមក្រមនីតិវិធីរដ្ឋប្បវេណី។ អាស្រ័យហេតុនេះ ដើម្បីចៀសវាងការអូសបន្លាយពេលវេលាបន្តទៀត និងចៀសវាងនូវការខូចផលប្រយោជន៏របស់ភាគី ដោយសារតែអ្នកទិញតាមផ្លូវតុលាការដោយខុសច្បាប់ចាត់ចែងនូវវត្ថុ ដែលជាកម្មវត្ថុវិវាទនេះជាបន្តទៀត សូមឯកឧត្តម មេត្តាជួយអន្តរាគមន៍តាមការស្នើសុំខាងលើ ដោយសេចក្តីអនុគ្រោះ»។

បន្ទាប់មកទៀត លោកបានដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ ហើយត្រូវបានលោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ ជាប្រធានក្រុមប្រឹក្សា និងមានលោកចៅក្រម ស៊ិន វិសាល និងលោកស្រីចៅក្រម ទិតសុទ្ធី បូរ៉ាល័ណ្ខណ៍ ចេញដីកាសម្រេច ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដោយទទួលស្គាល់ថា ដីកា លេខៈ ៣៦៧តរ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ របស់លោក ឌុច គឹមសន អតីតចៅក្រមតុលាការក្រុងភ្នំពេញ ពិតជាពុំបានបំពេញតាមមាត្រា៤៤៤ និង៣០៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដែលចែងយ៉ាងច្បាស់ថា ការរាល់ការលក់ ត្រូវជូនដំណឹងឲ្យម្ចាស់ដីដឹងជាមុនសិន។ ប៉ុន្តែករណីនេះ លោកចៅក្រម ឌុច គឹមសន មិនបានអនុវត្តតាមច្បាប់ចែងខាងលើនេះឡើយ។

ចំណែកក្រោយមកប្រធានសាលាឧទ្ធរណ៍ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក៏បានចុះហត្ថលេខាលើដីកាសម្រេចលោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ និងចុះហត្ថលេខាលើលិខិតបញ្ជាក់ពីការចូលស្ថាពរនៃសាលដិកានេះទៀតផង។ ដូច្នេះ ដើម្បីអនុវត្តតាមដីកាសម្រេចចូលជាស្ថាពរខាងលើនេះ និងដើម្បីរក្សាដីកុំឲ្យលក់បន្តទៀត លោក ឃិន សាមន នៅឆ្នាំ២០១៨ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីសុំដីការក្សាការពារ មិនឲ្យឈ្មោះ គង់ ហួត មិនឲ្យលក់ ផ្ទេរ ឬធ្វើអំណោយផ្សេងៗបន្តទៀត។ លោកចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក តាំង ស៊ុនឡាយ ជាប្រធាន បានចេញដីកាលេខៈ ២៤៦ ”ថ”ដរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩​​​ ហាមឃាត់មិនឲ្យលក់ ផ្ទេរ ឬធ្វើអំណោយផ្សេងៗឡើយ។

លោក ឃិន សាមន បានរៀបរាប់ទៀតថា ក្រោយមកទៀត ដីទំហំជាងមួយហិកតានេះ ត្រូវបានគេលួចលក់បន្តដោយខុសច្បាប់ឲ្យអ្នកផ្សេង ដែលមន្ត្រីនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី  រាជធានីភ្នំពេញ ប្រាប់ខ្សឹបប្រាប់គាត់ថា ដីរបស់គាត់ត្រូវបានលក់ទៅបុរសម្នាក់ ជាក្មួយរបស់ប្រធានសាលាឧទ្ធរណ៍ ដូច្នេះ ទើបចៅក្រមក្រោមបង្គាប់នៅសាលាឧទ្ធរណ៍ កាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៩ បានលុបចោលវិញ នូវដីការក្សាការពាររបស់សាលាដំបូងរាជធានីភ្នំពេញ។

ជនរងដដែលនេះ បានអះអាងថា លោកមិនមានសល់ទ្រព្យអ្វីទៀតទេ គឺនៅសល់តែជីវិត និងរាងកាយមានជំងឺស្គមស្គាំង ដូច្នេះ លោកនឹងបន្តស្វែងរកយុត្តិធម៌រហូតដង្ហើមចុងក្រោយ ដោយគ្រោងប្តឹងទៅគ្រប់ថ្នាក់ដឹកនាំជាតិ ដូចជាសម្តេចតេជោ ហ៊ុន សែន និងព្រះមហាក្សត្រ ហើយប្រសិនបើលោកសង្ស័យថា អំពើអយុត្តិធម៌នេះកើតឡើងដោយសារការសូកប៉ាន់ លោកនឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដើម្បីសុំឲ្យចាត់វិធានការផ្លូវច្បាប់មកលើមន្ត្រីស៊ីសំណូក៕