ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី “ការលើកកម្ពស់ការចូលរួមប្រកប ដោយប្រសិទ្ធភាពក្នុងការងារកូដិចនៅកម្ពុជា”កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ។
លោកប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈ កម្មាធិការអន្តរក្រសួងសម្របសម្រួលការត្រួតពិនិត្យគុណភាព សុវត្ថិ ភាព ផលិតផល និងសេវាកម្ម និងគណៈកម្មាធិការកូដិចជាតិ មានប្រសាសន៍ថា សិក្ខាសាលាថ្នាក់ជាតិនេះ នឹងបង្កើនសមត្ថភាពយល់ដឹងដល់មន្ត្រី ស្ថាប័នពាក់ព័ន្ធ ឱ្យបានស៊ីជម្រៅ ពីដំណើរការប្រព្រឹត្តទៅនៃកិច្ចការកូដិចជាតិ ដើម្បីជំរុញការចូលរួមរបស់កម្ពុជា ឱ្យបានសកម្ម និងមានប្រសិទ្ធភាព នៅក្នុងដំណើរការរៀបចំអភិវឌ្ឍន៍ស្តង់ដារគុណភាព និងសុវត្ថិភាពម្ហូបអាហារ។
លោករដ្ឋមន្ត្រី បានបន្ថែមថា តម្លៃស្នូលនៃកូដិច គឺការបង្កើតស្តង់ដារលើមូលដ្ឋានវិទ្យាសាស្រ្ត និងសមស្រប តាមគោលបំណងប្រើប្រាស់ ដោយឈរលើទស្សនៈ ប្រកបដោយបរិយាប័ន្ន កិច្ចសហការ ការឯកភាព និងតម្លាភាព។
លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បន្តថា កម្ពុជាបានចូលរួមកម្មវិធីកូដិចជាតិយ៉ាងសកម្ម តាមរយៈការបង្កើតឱ្យមានចំណុចទំនាក់ទំនងកូដិចជាតិ (National Codex Contact Point) ដើម្បីផ្សារភ្ជាប់ក្នុងការធ្វើទំនាក់ទំនងជាមួយលេខាធិការដ្ឋានកូដិច ដើម្បីទទួល និងចែកចាយរាល់ព័ត៌មាន ឬឯកសារកូដិចដល់ស្ថាប័ន និងភាគីពាក់ព័ន្ធរបស់កម្ពុជា ក៏ដូចជាការបញ្ជូនប្រតិភូកម្ពុជា ទៅចូលរួមពិភាក្សាក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួន របស់គណៈ កម្មាធិការកូដិច។
សូមបញ្ជាក់ថា សិក្ខាសាលាដែលមានរយៈពេលបីថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងផ្ដល់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនពីវាគ្មិន និងបានពិភាក្សាគ្នា ដើម្បីស្វែងយល់ពីបញ្ហា និងយន្តការដោះស្រាយលើបញ្ហាប្រឈមនានា នៅក្នុង កូដិចជាតិ ក្នុងគោលបំណងជំរុញការចូលរួមរបស់កម្ពុជា ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ នៅក្នុងវិស័យអភិវឌ្ឍន៍ស្តង់ដារម្ហូបអាហារអន្តរជាតិ ៕