លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលស្វាគម៍អ្នកដំណើរចំនួន ២៣៣រូបចុងក្រោយ ចុះពីលើនាវា Westerdam ដែលទទួលបានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីសប្តាហ៍មុន។
ការចាកចេញពីនាវារបស់អ្នកដំណើរចម្រុះជាតិសាសន៍នេះ ធ្វើងឡើងក្នុងគោលបំណងធ្វើដំណើរទៅកាន់ប្រទេសរបស់ខ្លួន តាមរថយន្តក្រុងចំនួន១០គ្រឿង ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ រួចទើបបន្តដំណើរតាមជើងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ។
ការទទួលបដិសណ្ឋារកិច្ច និងជូនដំណើរនេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់ជូនក្រមាធ្វើពីសូត្ររបស់កម្ពុជា ជាកាដូអនុស្សាវរីយ៍ជូនដល់ភ្ញៀវទេសចរណ៍ទាំង២៣៣រូបនោះ។
ជាមួយគ្នានេះផងដែរ ការអញ្ជើញទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam ដែលត្រូវបានបដិសេធការចូលចតពីបណ្ដាប្រទេសមួយចំនួនដោយសារភ័យខ្លាចករណីជំងឺរលាកសួត Covid -19 នេះ ធ្វើឡើងក្នុងគោលបំណងមនុស្សធម៌ ទឹកចិត្តសន្តោសប្រណី មិនរើសអើងពូជសាសន៍ ជួយគ្នាក្នុងគ្រាមានអាសន្ន និងផ្ដល់ក្តីស្រឡាញ់ជំនឿទុកចិត្តភាពកក់ក្តៅដល់អ្នកធ្វើដំណើរលើនាវា ដែលរួមមានមនុស្សចាស់ ស្ត្រី និងកូនក្មេងផងដែរ។
អ្នកដំណើរទាំងនោះ មុនអនុញ្ញាតឱ្យចាកចេញពីនាវា សុទ្ធតែត្រូវបានឆ្លងកាត់ការវាស់កំដៅ និងតេស្តសុខភាពដោយមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺឆ្លងសហ រដ្ឋអាមេរិក UNCDC ដើម្បីធានាថាពិតជាគ្មានវត្តមានមេរោគ COVD-19 ។
មិនតែប៉ុណ្ណោះបុគ្គលិករបស់កប៉ាល់ក៏នឹងត្រូវពិនិត្យសុខភាពវាស់កម្តៅ ឡើងវិញ មុនពេលអនុញ្ញាឱ្យនាវាចាកចេញពីកំពង់ ផែស្វយ័តក្រុងព្រះសីហនុផងដែរ។
ទាំងនេះជាការស្ដែងចេញឲ្យឃើញនូវកាយវិការសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋា ភិបាលកម្ពុជា ចំពោះជនរងគ្រោះដែលត្រូវបានបោះបង់ចោលនៅលើមហាសាគរដ៏ធំល្វឹងល្វើយ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ លោក Orlando Ashford ប្រធានក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវា Westerdam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអាជ្ញាធរកម្ពុជា ដែលមានសន្តានចិត្តដ៏ល្អប្រកបដោយភាពកក់ក្តៅ និងជួយថែរក្សាទទួលអ្នកដំណើរ និងពិនិត្យជំងឺជូនដល់អ្នកដំណើរ ជាពិសេសដែលបានអនុញ្ញាតឲ្យកប៉ាល់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ៕