លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ធានាគារ ប្រេដ ប៊ែង បង្ហាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងគ្រោងវិនិយោគពង្រីកសាខាបន្ថែមនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME។
លោករដ្ឋមន្ត្រីលើកឡើងថា ការទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយបានជ្រើសរើសប្រទេសកម្ពុជា ធ្វើជាទីតាំងវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យធនាគារ និងវិស័យ SME ដែលត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងបានពន្យល់អំពីគោលនយោបាយគាំពារវិនិយោគ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) របស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី ថា អំពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលផ្តោតសំខាន់លើការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតផលស្រូវ ដំឡូងមី បន្លែ មាន់ស្រែ និងសូត្រប្រណិត ដើម្បីលើកស្ទួយជីវភាពប្រជាកសិករក្រីក្រ និងបានស្នើធនាគារ ប្រេដ ប៊ែង ជួយគាំទ្រគម្រោងនេះ តាមរយៈការផ្តល់សេវាពិគ្រោះយោបល់ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ទាក់ទងការអភិវឌ្ឍសហគ្រិនភាព។
លើសពីនេះព្រមទាំងប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប ដល់សមាគមកសិករ ក្នុងការពង្រីកមុខរបរ ដោយផ្អែកលើប្រតិបត្តិការដែលមានកិច្ចធានា (ប្រើប្រាស់ផែនការអាជីវកម្ម កសិផល និងសម្ភារៈ ជំនួសឱ្យការដាក់ទ្រព្យបញ្ចាំ)។
លោករដ្ឋមន្ត្រីបានសំណូមពរ លោក Olivier Klein ជួយកៀងគរវិនិយោគិនបារាំង ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា ដើម្បីធ្វើពិពិធកម្មឱកាសការងារជូនប្រជាជន និងពន្លឿនការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ។
សម្ធរាប់ ធនាគារ ប្រេដ ប៊ែង (BRED Bank) ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំរបស់ប្រទេសបារាំង គ្រោងពង្រីកសាខាបន្ថែម នៅតាមបណ្តាខេត្តដែលមានសក្តានុពលមួយចំនួនទៀត ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោក Olivier Klein នាយកប្រតិបត្តិនៃធនាគារ ប្រេដ ប៊ែង ថ្លែងថា ចំពោះវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងអំពីប្រតិបត្តិការ និងសេវាកម្មទូទៅរបស់ធានាគារ ប្រេដ ប៊ែង ទាំងប្រភេទហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ (ការបណ្តុះបណ្តាលសហគ្រិនភាព ការប្រឹក្សាយោបល់ជូនវិស័យ SME និងការចងក្រងបណ្តាញធុរកិច្ច)។
លោកនាយកប្រតិបត្តិ បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០១៨ ធនាគារ ប្រេដ ប៊ែង បានផ្តល់ប្រាក់កម្ចីជាង ១០០លានដុល្លារ ដល់វិស័យឯកជន ដែលនៅក្នុងនោះជាង ៨០% គឺជាកម្មសិទ្ធិរបស់ជនជាតិខ្មែរ។
លោក Olivier Klein បានស្នើសុំយោបល់ពី លោករដ្ឋមន្ត្រី ទាក់ទងផែនការពង្រីកវត្តមានសាខាធានាគារ ប្រេដ ប៊ែង បន្ថែម ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME នៅក្នុងប្រទេសកម្ពុជា។