ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ករណីឆ្លងមេរោគកូរ៉ូណា នៅក្រុងអ៊ូហាន របស់ចិន នៅថ្ងៃនេះ គឺសូន្យ ខណៈអាមេរិក ​​​ករណីមនុស្សស្លាប់កាន់តែច្រើន

(អ៊ូហាន)៖ ករណីឆ្លងថ្មីនៃមេរោគកូរ៉ូណា នៅក្រុងអ៊ូហាន ក្នុងខេត្តហ៊ូប៉ី ប្រទេសចិន នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ គឺសូន្យ, ចំណែកអ្នករស់នៅក្នុងទីក្រុងនេះ បានចាប់ផ្តើមបើកទ្វាររកស៊ីឡើងវិញ ដូចកាលមិនទាន់ផ្ទុះជំងឺដ៏កាចសាហាវនេះ។

យោងតាមការផ្សាយរបស់ Russia Today (RT) បានឲ្យដឹងថា ស្របពេលប្រទេសចិន បានងើបរួចផុតពីការឆ្លងមេរោគកូរ៉ូណា បែរជាសហរដ្ឋអាមេរិក ធ្លាក់ចូលដំណាក់កាលដ៏អាក្រក់បំផុតទៅវិញ ដោយមានអ្នកជំងឺកូវីដ១៩ ស្លាប់រហូតដល់១៦៣នាក់ តែក្នុងរយៈពេលមួយថ្ងៃ។

RT បានដកស្រង់ពីកាសែតផ្លូវការរបស់ចិន China Daily មកផ្សាយទៀតថា ស្ថានីយបង់ថ្លៃយានយន្តឆ្លងកាត់ ដែលធ្លាប់ជាកន្លែងឆ្លងជំងឺយ៉ាងរាតត្បាត ក្នុងក្រុងអ៊ូហាន ដែលមានប្រជាជនរស់នៅជាង១១លាននាក់ នៅពេលនេះ​​​ មិនមានករណីឆ្លងមេរោគថ្មីទៀតទេ សូមបីតែមួយករណីក៏គ្មានដែរ។ ចំណែកប្រជាជននៅក្នុងខេត្តហ៊ូប៉ី ទាំងមូលចំនួនជាង៦០លាននាក់​​​ ក៏ចាប់ផ្តើមចេញទៅធ្វើការ និងចាប់ផ្តើមជីវភាពរស់នៅឡើងវិញ ដូចធម្មតាដែរ។

ចំណែកកាសែត China Daily បានផ្សាយថា «ប្រជាជនបានវិលទៅធ្វើការ ចំណែកសហគ្រាសនៅក្នុងក្រុងអ៊ូហាន បានចាប់ដំណើរការខ្សែសង្វាក់ផលិតកម្មឡើងវិញ។ អ្នកធ្វើការកាន់តែច្រើនឡើងៗ នាំគ្នាធ្វើដំណើរឆ្លងកាត់ស្ថានីយបង់ប្រាក់នេះ ដែលជាកន្លែងមេរោគកូរ៉ូណា។ វិធានការត្រួតពិនិត្យអត្តសញ្ញាណ និងសុខភាព អ្នកធ្វើដំណើរឆ្លងកាត់ ត្រូវបានអនុត្តន៍ នៅតាមច្រកចេញចូលទៅកាន់ស្ថានីយបង់ប្រាក់នេះ ដើម្បីធានាដល់សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ»។

RT បានផ្សាយបន្តទៀតថា ខណៈនេះសហរដ្ឋអាមេរិក ហាក់ដូចជាកំពុងប្រឹងប្រែងប្រឆាំងការឆ្លងរាលដាលនៃមេរោគនេះ បន្ទាប់ពីមនុស្សបានសម្លាប់មនុស្ស១៦៣ដោយសារជំងឺកូវីដ១៩ នៅថ្ងៃនេះ ក្រោយពីមេរោគនេះ​​​ បានឆ្លងរាលដាលទាំង៥០រដ្ឋ ហើយធ្វើឲ្យរដ្ឋាភិបាលអាមេរិកប្រកាសភាពអាសន្ន។

RT បានសន្និដ្ឋានថា នៅក្នុងទឹកដីសហរដ្ឋអាមេរិក មានអ្នកមេរោគកូរ៉ូណា ចំនួន៥៣ ០០០ករណី ដោយគ្រាន់តែក្នុងថ្ងៃនេះ មានជិត១០ ០០០ករណី ត្រូវបានបញ្ជាក់ថា ជាករណីឆ្លងថ្មីៗ ដែលអាចធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជាទីកន្លែងឆ្លងមេរោគកូរ៉ូណា ច្រើនជាងប្រទេសអ៊ីតាលី និងប្រទេសចិន ទៅទៀត៕