ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនបុរីប៉េងហួតបូមខ្សាច់លុបដីដែលតុលាការចេញដីការក្សាការពារតាមបណ្តឹងរបស់ពលរដ្ឋ បន្ទាប់ពីក្រុមហ៊ុននេះទិញដីពីលោកស្រីឧកញ៉ា ស៊ុយ សុផាន

(ភ្នំពេញ)៖បើទោះជាមានដីការក្សាការពារពីស្ថាប័នតុលាការ ក៏ដោយចុះក៏ក្រុមហ៊ុនបុរីប៉េងហួតនៅតែបន្តបូមខ្សាច់ចាក់លុបដីដែលកំពុងមានទំនាស់ទំហំ៥,៣៩០.៤៩ម៉ែត្រការ៉េរវាងម្ចាស់ដីឈ្មោះ គង់ វិចិត្រ និងឈ្មោះ ចាន់ ស្រីយ៉ា ជាមួយលោកស្រីឧកញ៉ា ស៊ុយ សុផានដែលមានទីតាំងស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

រហូតមកដល់រសៀលថ្ងៃទី០៦ខែមេសាឆ្នាំ២០២០នេះ ដីទំនាស់ដែលមានទទឹង ៤៥ម៉ែត្រ និងបណ្តោយ១២០ម៉ែត្រត្រូវបានម្ចាស់លោក គង់ វិចិត្រនិងលោកស្រី ចាន់ ស្រីយ៉ាអះអាងថាក្រុមហ៊ុនបុរីប៉េងហួតបូមខ្សាច់ចាក់លុបបានជាង៧០ភាគរយទៅហើយ ដោយពុំគោរពនិងអនុវត្តដីការក្សាការពាររបស់ស្ថាប័នតុលាការនោះទេ។

យោងតាមដីកាចាត់ចែងជាបណ្ដោះអាសន្នចុះថ្ងៃទី០៣ខែមីនាឆ្នាំ ២០២០ របស់លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញបានសម្រេចហាមឃាត់ភាគីក្រុមហ៊ុនប៉េងហួតនិងបក្ខពួកផ្អាកការចាក់ដីឈូសឆាយដីសាងសង់សំណង់ផ្សេងៗនៅ លើដីមិនឲ្យលក់ដូរ ជួលបញ្ចាំដាក់ហ៊ីប៉ូតែកផ្ទេរកម្មសិទ្ធិធ្វើអំ ណោយនិងធ្វើសកម្មភាពគ្រប់យ៉ាងជាបណ្ដោះអាសន្នលើដីទំហំ ទំហំ៥,៣៩០.៤៩ម៉ែត្រការ៉េមានទីតាំងស្ថិតនៅភូមិស្វាយតាអុកសង្កាត់វាលស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

ការចេញដីការក្សាការពារដីខាងលើនេះបានធ្វើឡើងបន្ទាប់ពីភាគីម្ចាស់ដីឈ្មោះ គង់ វិចិត្រ និងលោកស្រី ចាន់ ស្រីយ៉ា បានដាក់ពាក្យស្នើសុំនិងកំពុងប្តឹងតវ៉ា ចំពោះការលួចលក់ដីរបស់ពួកគាត់នៅអាជ្ញាធរមូលដ្ឋានដែលមានក្រុមហ៊ុនរបស់លោកស្រីឧកញ៉ា ស៊ុយ សុផាន បានធ្វើប្លង់គ្របយកដីនោះទៅលក់បន្តឲ្យក្រុមហ៊ុនបុរីប៉េង ហួត។

យោងតាមកំណត់ហេតុប្រជុំដោះស្រាយករណីបណ្តឹងរបស់ម្ចាស់ដីឈ្មោះ គង់ វិចិត្រ រនៅសាលាខណ្ឌច្បារអំពៅដែលមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌជាប្រធានអង្គប្រជុំកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០ភាគីលោក គង់ វិចត្រ បានអះអាងថា ក្រុមហ៊ុនបានបូមខ្សាច់លុបលើដីរបស់ខ្លួន(មានទីតាំងនិងទំហំខាងលើ) ដែលបានទិញពីឈ្មោះ យឹម សារុនកាលពីថ្ងៃទី០៨ខែតុលាឆ្នាំ ២០១៤ ដោយមានការទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរភូមិសង្កាត់និងខណ្ឌដូច្នេះភាគីលោកស្នើឲ្យមានការផ្ទៀងផទាត់ទីតាំងដីរបស់លោកនិងដីរបស់ក្រុមហ៊ុនរបស់លោកស្រីឧកញ៉ា ស៊ុយ សុផាន ឡើងវិញ។

ចំណែកភាគីលោក អ៊ឹង សុខហេង ជាតំណាងឲ្យលោកស្រី ឧកញ៉ា ស៊ុយ សុផានបានលើកឡើងថា នៅឆ្នាំ២០១៨ ឈ្មោះ យឹម សារុន បានលក់ដីនៅភូមិស្វាយតាអុកទំហំ ៥៧,៥០០ម៉ែត្រការ៉េជូនក្រុមហ៊ុន ផាន អ៊ីម៉ិចទាំងអស់ និងមានកិច្ចសន្យាត្រឹមត្រូវ។

ចំណែកលោក យឹម សារុន បានលើកឡើង ក្នុងកិច្ចប្រជុំថា លោកពិតជាបានលក់ដីទំហំ៥,៣៩០.៤៩ម៉ែត្រការ៉េមានទីតាំងស្ថិតនៅភូមិស្វាយតាអុកសង្កាត់វាលស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញឲ្យទៅឈ្មោះ គង់ វិចិត្រ និងឈ្មោះ ចាន់ ស្រីយ៉ាយ៉ាងពិតប្រា កដ។

ដោយឡែកលោក លឹម ពី ប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅបានថ្លែងថា តាមការផ្ទៀងផ្ទាត់ប្លង់កម្មសិទ្ធិរបស់ក្រុមហ៊ុន ផាន អ៊ីម៉ិច ឃើញថា បានគ្រប់លើដីរបស់ឈ្មោះ គង់ វិចិត្រនិងឈ្មោះ ចាន់ ស្រីយ៉ា ទាំងស្រុងហើយការអនុវត្តចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិនេះ គឺធ្វើតាមនីតិវិធីដោយមានលោកស្រីឧកញ៉ា ស៊ុយ សុផាន ជាអ្នកចូលរួមនិងដើរចង្អុលបង្ហាញទីតាំងព្រំដី និងលោកស្រីឧកញ៉ា ស៊ុយ សុផាន បានធានាអះអាងទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិនបើដីនោះជាន់លើដីរបស់ពលរដ្ឋ។

គួរបញ្ជាក់ថា សំណុំរឿងដីធ្លីមួយនេះកំពុងតតាំងគ្នាតាមផ្លូវតុលាការ នៅឡើយ ខណៈដែលភាគីជនរងគ្រោះជាម្ចាស់ដីចេះតែដើរប្តងទប់ស្កាត់។ចំណែកភាគីទិញនិងយកដីនោះទៅលក់ចេះតែបន្តបំពានដីការបស់តុលាការដែលបានចេញជាធរមានរួចហើយ៕