ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា តម្លៃប្រេងឆៅ West Texas Intermediate (WTI) បានធ្លាក់ចុះក្រោយសូន្យដុល្លារក្នុងមួយបារ៉ែល ដែលជាការធ្លាក់ចុះតម្លៃប្រេងឆៅទៅក្នុងកម្រិតទាបបំផុតមិនធ្លាប់មាន ។
លោក ថម ក្លូហ្សា (Tom Kloza) អ្នកវិភាគផ្នែកសេវាកម្មព័ត៌មានតម្លៃប្រេង បាននិយាយថា មូលហេតុសំខាន់ដែលនាំអោយតម្លៃប្រេងឆៅដាំក្បាលចុះ គឺដោយសារការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែលនាំអោយមនុស្សប្រមាណជាង២ពាន់លាននាក់ស្នាក់នៅក្នុងផ្ទះ មិនធ្វើដំណើរ ។
លោក ថម ក្លូហ្សា បានបន្ថែមថា កិច្ចសន្យាទិញប្រេងឆៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៩កន្លងទៅ តម្លៃប្រេងឆៅនៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងរង្វង់ពី១៨.៤% នៅត្រឹមតម្លៃ ២០.៤៣ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅបានធ្លាក់ចុះដល់ក្រោមសូន្យ ចាប់តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ៕