ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីដង្ហែសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តត្បូងឃ្មុំ

ជាដំបូង សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក សម្តេចតេជោនាយករដ្ឋមន្រ្តី និងត្រូវជាមាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន បានទទួលអនិច្ចកម្ម កាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នាវេលាម៉ោង០២:១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។

បន្ទាប់ពីពិធីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន រយៈពេល២យប់៣ថ្ងៃ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនារួចមក សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែចេញពីភូមិគ្រឹះលេខ៤១ មហាវិថីសម្តេចព្រះសុរាម្រិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីសំដៅឆ្ពោះទៅកាន់ទីបញ្ចុះសពនៅភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៧និង១៨នាទីព្រឹក ថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ។

ក្បូនរថយន្តដង្ហែសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី បានធ្វើដំណើរដល់ទីកន្លែងចុងក្រោយ ដែលជាទីឋានប្រកបដោយភាពស្ងប់ស្ងាត់ លើទឹកដីស្រុកកំណើតរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា កាលពី៩៦វ ពិសេសបានធ្វើដំណើរឆ្លងកាត់មូលដ្ឋាន ដែលជាទឹកដីអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ចាប់តាំងពីពេលប្រសូត្រ កុមារភាព យុវវ័យ និងការឆ្លងកាត់ជីវិតដ៏ល្វីងជូរចត់រាប់មិនអស់។

សូមបញ្ជាក់ដែរថា សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ត្រូវបានប្រារព្វពិធីបញ្ចុះតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវេលាម៉ោង១៥ និង៣៣នាទីរសៀលថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។

តាមជីវប្រវត្តិសង្ខេប បានឲ្យដឹងថា អ្នកឧកញ៉ាព្រឹទ្ធ មហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ប្រសូត្រនៅថ្ងៃ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ពុទ្ធសករាជ២៤៦៨ ត្រូវនឹងថ្ងៃទី៤ ខែឧសភាឆ្នាំ១៩២៥ ក្នុងគ្រួសារកសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ដែលមានបិតានាម ឱក ប៊ុន មាតានាម ណៃ ហួត។

អ្នកឧកញ៉ា ព្រឹទ្ធមហា ឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ជាបុត្រីទី២ ក្នុងចំណោមបងប្អូន៤នាក់ ក្នុងនោះមានស្រី៣នាក់ និង ប្រុសម្នាក់។

សូមឧទ្ទិសបួងសួងជូនដួងវិញ្ញាក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕