ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឆ្នាំនេះ ពិធីបុណ្យហាជ្ជ នៅអារ៉ាប៊ីសាអូឌីត មិនទាន់ត្រូវបានអនុញ្ញាតច្បាស់លាស់ឡើយ ដោយសារកូវីដ១៩

(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានលើកឡើងថា ពិធីបុណ្យហាជ្ជរបស់សាសនិកឥស្លាមទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២០ ដែលនឹងត្រូវធ្វើឡើងនៅអារ៉ាប៊ីសាអូឌីត នៅពុំទាន់ប្រាកដថា តើអាចនឹងត្រូវបានប្រកាសបើកឲ្យប្រាព្ធពិធីមួយនេះដូចរាល់ឆ្នាំកន្លងមក ឬការផ្អាកតែម្តង។

លោកបានបញ្ជាក់ថា ភាពមិនប្រាកដនេះ ដោយសារស្ថានភាពឆ្លងរាលដាលជំងឺកូវីដ១៩ នៅជុំវិញពិភពលោក មិនទាន់ថមថយ ហើយពិភពលោកកំពុងរងចាំសេចក្តីប្រកាសជាផ្លូវការសារជាថ្មីរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ស្តីពីវិធានការថ្មីលើករណីនេះ ដែលគ្រោងនឹងប្រកាសក្រោយបញ្ចប់ខែរ៉ាម៉ាឌននេះ។

លោកទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងបែបនេះ ក្នុងឱកាសបានអញ្ជើញនាំអំណោយអាហារបួសរ៉ាម៉ាឌន របស់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត តាមរយៈក្រុមប្រឹក្សាឥស្លាមអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងបាងកក ទៅចែកជូនពលរដ្ឋខ្មែរ ឥស្លាមសាសនិក នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញចំនួន១៣០គ្រួសារ និង១២៥គ្រួសារ នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក អូស្មាន ហាស្សាន់ ក៏បានកោតសរសើរដល់ឥស្លាមសាសនិក ហើយបានអំពាវនាវឲ្យពួកគាត់អនុវត្តបានខ្ជាប់ខ្ជួន តាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕