ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម រួមគ្នាលើកទឹកចិត្តកសិករ ឲ្យប្រឹងបង្កើនផលិតផល សម្រាប់នាំចេញ

(កណ្តាល)៖ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលរវាងរដ្ឋបាលខេត្តកណ្តាល និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកម្មវិធីធ្វើបទបង្ហាញស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កៅ ថាច អគ្គនាយកនៃ ធ.អ.ជ.ក.និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងមានការចូលរួមពី តំណាងមន្ទីជុំវិញខេត្ត ប្រជាកសិករ ដែលប្រកបរបរចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម សរុបប្រមាណ២៥០នាក់។

ក្នុងឱកាសនោះ លោក កៅ ថាច បានជម្រាបជូនដល់បងប្អូនទាំងអស់ដែលបានអញ្ជើញចូលរួមថា ដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាននឹងកំពុងអនុវត្តតួនាទីជាអន្តរការីទទួលនូវកិច្ចការគ្រប់គ្រង និងអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់៥០លានដុល្លារអាមេរិក ដើម្បីផ្តល់ឥណទានដែលមានការប្រាក់ទាប គាំទ្រដល់ប្រជាកសិករអាចរបរចញ្ចឹមត្រី មាន់ ទា ដាំបន្លែ និង សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីប្រជាកសិករមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឲ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលមកកាន់ទីផ្សារកម្ពុជា។

ឯកឧត្តមបានបន្ថែមថា លើការអនុវត្តនូវកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់៥០លានដុល្លារអាមេរិកនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏មានផលិតផលឥណទានផ្សេងទៀត ដែលអត្រាការប្រាក់អនុគ្រោះដល់ប្រជាកសិករផងដែរ។

ភ្ជាប់ជាមួយនេះ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនកសិករចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ អោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបានតាមតម្រូវការ និងមាននិរន្តរភាព ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលបានជួយសម្របសម្រួលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនូវគោលការណ៍ឥណទានដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូននាឱកាសនេះ។

ចុងបញ្ចប់ ឯកឧត្តម កៅ ថាច បានអនុញ្ញាតឱ្យមានវេទិការសំនួរ-ចំលើយ និងលើកជាសំណូមពរមកកាន់ធនាគារ និងអាជ្ញាធរពាក់ព័ន្ធផងដែរ៕