(ភ្នំពេញ)៖ មន្ត្រីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅមុននេះបន្តិចថា រហូតមកដល់ព្រលប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ លោក កី ម៉ានេរ៉ា អនុប្រធានតុលាការក្រុងភ្នំពេញ មិនទាន់ចេញមុខដោះស្រាយករណីរថយន្តទំនើបរបស់ខ្លន មានតម្លៃជាងពីរសែនដុល្លារ បុកគល់ស្ពានព្រែកជ្រៃ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្តរបស់លោកអនុប្រធានតុលាការ គឺជាប្រភេទរថយន្ដទំនើប ម៉ាក Range Rover ពាក់ស្លាកលេខ ភ្នំពេញ 2BH-6588 ត្រូវបានគេរាយការណ៍ថា បានបើកវ៉ាជែងគ្នាក្នុងល្បឿនលឿន ដែលអ្នកឃើញហេតុការណ៍សន្និដ្ឋានថា អាចជាការបើកបរក្រោមស្ថានភាពស្រវឹង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ទើបបុកគល់ស្ពានព្រែកជ្រៃ ឆ្លងស្ទឹងព្រែកត្នោត តាមបណ្ដោយផ្លូវ២១៧(ផ្លូវចំការដូង) ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌង្កោ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានប្រាប់ Daily-Khmer ឲ្យដឹងថា លោក កី ម៉ានេរ៉ា អាចមិនប្រឈមនឹងទោសអ្វីឡើយ ព្រោះមិនប៉ះពាល់ដលជិវិតមនុស្ស ដោយគ្រាន់តែអាចចេញលុយថ្លៃជួសជុលការខូចខាតនៃបង្កាន់ស្ពានតែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ពេលនេះ មិនដឹងទំហំទឹកប្រាក់ ដែលម្ចាស់រថយន្តត្រូវបង់នៅឡើយទេ ដោយសារតែមន្ត្រីមកពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កំពុងតែត្រួតពិនិត្យត្រង់ចំណុចខូចនេះ។
ចំណែកមន្ត្រីតុលាការក្រុងភ្នំពេញ បានឲ្យដឹងថា លោក កី ម៉ានេរ៉ា មិនបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះទេ ហើយក៏មិនអាចបញ្ជាក់បានថា តើការបើកបរនេះពិតជាស្ថិតក្រោមស្ថានភាពស្រវឹង ឬយ៉ាងណា។ រីឯមន្ត្រីនគរបាលវិញ មិនទាន់បញ្ជាក់បានថា តើអ្នកបើបរស្ថិតក្នុងស្ថានភាពស្រវឹង ឬយ៉ាងណាដែរ ព្រោះម្ចាស់រថយន្តមិនទាន់ចេញមុខមកទទួលខុសត្រូវនៅឡើយ។
មន្ត្រីនគរបាលបានឲ្យដឹងទៀតថា លោក កី ម៉ានេរ៉ា បានចាកចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុកប័ណ្ណសម្គាល់ខ្លួនរបស់ក្រសួងយុត្តិធម៌ ចុះហត្ថលេខាដោយលោក អង្គ វង្ស វឌ្ឍានា ដែលបញ្ជាក់ថា លោកជាអនុប្រធានតុលាការក្រុងភ្នំពេញ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កបានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជេីង ក្នុងល្បឿនលឿន និងបេីកទន្ទឹមគ្នាជាមួយរថយន្តមួយគ្រឿងទៀត ទើបធ្វេីឲ្យរថយន្តជ្រុលចង្កូតទៅបុកគល់ស្ពានព្រែកជ្រៃ ពេញទំហឹងតែម្តង រហូតបណ្ដាលឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខ និងធ្វើឲ្យបាក់រូបចម្លាក់នាគ ដែលជាបង្កាន់ដៃស្ពាន។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យនិយាយថា ក្រោយបុកបង្កាន់ដៃស្ពានភ្លាមៗ អ្នកបើកបររថយន្ដ ដែលមានសម្បុរស ស្តើងខ្ពស់ ភ្នែកតូចៗ ត្រូវបានរថយន្ដមួយគ្រឿងទៀត មកដឹកចេញទៅ និងមានក្រុមជួយអន្តរាគមន៍កុំឲ្យអ្នកសារព័ត៌មានផ្សាយផ្ទាល់ថែមទៀតផង។
ករណីគ្រោះថ្នាក់ចរាចរណ៍របស់លោក កី ម៉ានេរ៉ា គឺកើតឡើងស្របពេលប្រទេសកម្ពុជាកំពុងតែរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី យ៉ាងតឹងរ៉ឹងបំផុត៕