(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានបង្ហាញលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០១៩ សម្រាប់គ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត។
តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ បានបង្ហាញថា ក្រសួង-ស្ថាប័ន ចំនួន៤ ទទួលលទ្ធផលគិតជាភាគរយ ១០០% ឯ១១ក្រសួង-ស្ថាប័នផ្សេងទៀត ទទួលបានលទ្ធផលចន្លោះពី៨០%-៩៩% និងក្រសួង-ស្ថាប័ន១៥ទៀត ទទួលបានលទ្ធលពី៦០%-៧៨% ហើយក្រសួង-ស្ថាប័ន ចំនួន០៦ ទទួលបានលទ្ធផល ៤០%-៥៩% និងក្រសួង-ស្ថាប័ន០២ទៀត ទើបតែទទួលបានលទ្ធផល០៤%-៣៩%ប៉ុណ្ណោះ។
ACU បានបញ្ជាក់ទៀតថា ក្នុងអំឡុង២៣ថ្ងៃ ដើមឆ្នាំ២០១៩នេះ ACU បានទទួលឯកសារប្រកាសទ្រព្យ និងបំណុលត្រឹមជាង១ម៉ឺនច្បាប់ប៉ុណ្ណោះ។
ACU បានបន្តថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដែល ACU បានទទួលគឺ ១៦,១៨៣ច្បាប់ ក្នុងនោះមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) , ធនាគារជាតិនៃកម្ពុជា(៛) , ក្រសួងសាធារណការនិងដឹកជញ្ជូន និងស្ថាប័នប្រឆាំងអំពើពុករលួយ ដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានរួចរាល់១០០%៕