(ប៉ៃលិន)៖ ប្រជាពលរដ្ឋ ជាចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយ កុមារកំព្រារ ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ចំនួន១២៥១គ្រួសារ ដែលមកពី២ឃុំ និង២៥ភូមិ រស់នៅស្រុកសាលាក្រៅ ខេត្ដប៉ៃលិននៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩បានទទួលអំណោយកាកបាទក្រហមកម្ពុជាពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយភរិយាថ្នាក់ដឹករាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លោកជំទាវប្រធានកិត្តិយសសាខា និងអមដំណើរពីសំណាក់ នាយឧត្តមសេនី អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានកិត្តិយសាខា ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត និងលោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនព្រមទាំងប្រធាន អនុប្រធានគណៈកម្មាធិការសាខា អនុសាខា និងមន្ត្រីសាខាកាកបាទក្រហមខេត្ត មន្ត្រីរាជការជុំវិញខេត្ត។
កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតជាប្រធាន, សម្ដេចតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ ដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយទីកន្លែងណា មានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា ។
លើសពីនោះដើម្បីឆ្លើយតប នឹងបញ្ហាគ្រោះមហន្ដរាយ បញ្ហាសុខភាព ក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជំរុញគ្រប់សកម្មភាពការងារ នៃវិស័យស្នូលទាំង៤ ឱ្យប្រតិបត្តិការ ទៅដោយរលូន និងមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ។
ចំពោះអំណោយដែលចែកជូនដល់ប្រជាពលរដ្ឋចំនួន ១២៥១គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបានអង្ករ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត ១ មាន(សារុង១ ក្រមា១ មុង១ ភួយ១ អាវ១) នំបុ័ង១ដើម ទឹកបរិសុទ្ធ១ដប និងថវិកា ១ម៉ឺនរៀល ព្រមទាំងរទេះរុញសម្រាប់ជនពិការ ចំនួន ១០ផងដែរ ៕