ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងស្ថាបនាផ្លូវក្រោមដីចំនួន៣ ខែ្សដើម្បីបញ្ជៀសបញ្ហាកកស្ទះចរាចរណ៏ នាពេលបច្ចុប្បន្ន

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ មានគម្រោងស្ថាបនាផ្លូវក្រោមដីចំនួន៣ ខែ្សដើម្បីឆ្លើយតប ទៅនឹងបញ្ហាកកស្ទះចរាចរណ៏ នាពេលបច្ចុប្បន្ន ដើម្បីបញ្ជៀសការកកស្ទះទាំង នោះអាជ្ញាធរក៏បានរិះរកគ្រប់វិធីសាស្រ្ដក្នុងការដោះស្រាយផងដែរ ដូចជាការ សាងសង់ស្ពានអាកាស ផ្លូវក្រវ៉ាត់ក្រុង និងផ្លូវក្រោមដីជាដើម។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន បញ្ជាក់ឲ្យដឹងថា គម្រោងសាងសង់ផ្លូវក្រោមដីចំនួន ៣ ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាកកស្ទះចរាចរណ៏ជារៀងរាល់ថ្ងៃ និងដើម្បីឆ្លើយតបទៅ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើមករដ្ឋបាលរាជធានីភ្នំពេញ ជួយសម្រួលរំដោះចរាចរណ៏ ដែលតែងតែកកស្ទះលើបណ្ដោយផ្លូវសហព័ន្ធរុស្សុីនេះ ។

ផ្លូវក្រោមដីទាំង៣ ខ្សែនោះរួមមាន ផ្លូវក្រោមដីឆ្លងកាត់ផ្លូវជាតិលេខ១ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការស្ថាបនាផ្លួវក្រោមដីនេះ គឺជាយន្ដការ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ជាលក្ខណៈយូរអង្វែងដែលជួយសម្រួលដល់ការចេញ ចូល របស់សិស្សនិសិ្សតនៅសាកលវិទ្យាល័យភូមិភ្នពេញ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ ខណៈដែលផ្លូវសហ ព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ន មានស្ថានភាពចរាចរណ៍មមាញឹកខ្លាំង ដែលប្រឈមការកកស្ទះចរាចរណ៍និងរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះគម្រោងស្ថាបនាផ្លូវក្រោមដីត្រូង់មុខវិទ្យាស្ថានភាសាបរទេស គឺរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ី ដោយតភ្ជាប់ពីផ្លូវលេខ២៧១ ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសាបរទេសតែម្ដង ដែលបង្កភាពងាយស្រួលដល់និស្សិតបានចេញចូលមិនប្រឈមនឹងការកកស្ទះ ឬគ្រោះថ្មាក់ចរាចរណ៍ជាដើម។

លោកបានបន្ថែមថា ចំណែកនៅតំបន់កា្ដន់ពីរវិញ ផ្លូវក្រោមដីនេះក៏ត្រូវរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីផងដែរ ដោយភ្ជាប់ពីផ្លូវ១៦៩ ឆ្ពោះទៅផ្លូវបឹងកក ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះ ៕