ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ច នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បាននាំយករថយន្តពិសោធន៍ចល័តពីរគ្រឿង ទៅពិនិត្យទំនិញជាប្រភេទគ្រឿងសមុទ្របោះដុំ និងលក់រាយ នៅទីតាំងពីរផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។
ការពិនិត្យនេះ ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅតាមទីតាំងលក់បោះដុំអាហារសមុទ្រ ស្ថិតផ្ទះលេខ៥៧Eo ផ្លូវលេខ៣៣៦ និងនៅទីតាំងផ្ទះលេខ២៨A និង៣០B ផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រី ក.ប.ប បានឲ្យដឹថា ពេលត្រួតពិនិត្យទំនិញជាអាហារសមុទ្រក្លាសេ ចំនួន៣៦គំរូ ដូចជាម៉ឹកក្លាសេ ក្តាមក្លាសេ បង្គាក្លាសេ ត្រីបបែលក្លាសេ បង្កងប៉ាកក្លាសេ ត្រីសាបាក់ក្លាសេ និងព្រុយត្រីសាល់ម៉ុនក្លាសេ បានយកមកវិភាគដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលជាលទ្ធផល គឺផលិតផលទាំង៣៦គំរូនេះ សុទ្ធតែមានអនុលោមភាពនៃសុវត្ថិភាពចំណីអាហារ។
លោក ផាន អូន អគ្គនាយក ក.ប.ប. បានមានប្រសាសន៍ថា ក្នុងឱកាសនេះដែរ ក្រុមការងារក៏បានណែនាំអាជីវករ ទិញ លក់ ត្រូវមានវិក្ក័យបត្រ និងត្រូវដឹងពីប្រភពច្បាស់លាស់ ដើម្បីពេលមានបញ្ហាកើតឡើងងាយស្រួលស្វែងអ្នកទទួលខុសត្រូវ ចំពោះមុខច្បាប់៕