ភ្នំពេញ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ។
លោកឧបនាយករដ្ឋមន្ត្រី បានគោរពជូនពរថា «ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះយើងខ្ញុំទាំងគ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជាមួយនឹងការគោរពជូនពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូនសម្ដេចអគ្គមហាពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភាឲ្យមានការវិវឌ្ឍរីកចម្រើនថែមទៀត។
«ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ សព្ទសាធុការពរជ័យជូន សម្ដេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទាំងបុត្រា-បុត្រី និងចៅៗ សូមជួបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕