ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការវិនិយោគលើវិស័យកសិកម្ម បង្កើតបាននូវអត្ថប្រយោជន៍ច្រើនដល់សង្គមជាតិ និងខ្លួនឯង

ព្រះសីហនុ ៖ លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្តះសីហនុ​ កាលពីចុងសប្តាហ៍នេះ បានជួប​​ពិភាក្សាការងារជាមួយលោកកាវ ប្រធានសមាគមជាំងស៊ី  ស្តីពីតំរូវការនៃការវិនិយោគលើវិស័យកសិកម្មដូចជា សាកវប្បកម្ម វារីវប្បកម្ម និងការចិញ្ចឹមសត្វ ដែលជាចំណីអាហារផ្គត់ផ្គង់ទីផ្សារ និងតំរូវការចាំបាច់នៃទីក្រុងទេសចរណ៍ខេត្តព្រះសីហនុនាបច្ចុប្បន្ននេះ។

លោកវណ្ណ សុខហេង បានបញ្ជាក់ឲ្យដឹថា ការវិនិយោគលើវិស័យកសិកម្ម បង្កើតបាននូវអត្ថប្រយោជន៍ជាច្រើនដល់សង្គមជាតិ និងខ្លួនឯង ហើយក៏ស្របទៅតាមជ្រុងមួយនៃយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៤ “ការអភិវឌ្ឍវិស័យឯកជន និងការងារ” ។ រក្សាបាននូវលំនឹងអាជីវកម្មនៃការវិនិយោគ ដោយរក្សាបាននូវទីផ្សារ និងផលប៉ះពាល់តិចតួចបំផុត ពីវិបត្តិក្រៅប្រទេស។

លោកប្រធានសភាពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា បង្កើតបានការងារច្រើនដល់កសិករប្រកបដោយចីរភាព កាត់បន្ថយការចំណាកស្រុក កាត់បន្ថយការនាំចូលពីបរទេស។ ហើយនាំឱ្យមានការ កើនឡើងនៃប្រាក់ចំណូលរវាងអ្នកវិនិយោគ និងកសិករក្នុងការកាត់បន្ថយភាពក្រីក្រ។ ជាពិសេស ឈានទៅបង្កើតបាននូវតំបន់កសិ-ទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេស មកលេងកំសាន្តនៅតំបន់ឆ្នេរខេត្តព្រះសីហនុ។

លោកវណ្ណ សុខហេង បន្តថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ឆ្នាំ២០១៩-២០២៣គឺ “ការអភិវឌ្ឍវិស័យឯកជន និងការងារ” ដែលមានជ្រុង៤តូចៗទៀតដូចជា៖

១-ការអភិវឌ្ឍទីផ្សារការងារ។

២-ការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព។

៣-ការរៀបចំ និងអនុវត្តភាពជាដៃគូ រវាងវិស័យសាធារណៈ និងវិស័យឯកជន ។

៤-ការពង្រឹងការប្រគួតប្រជែង ៕