ភ្នំពេញ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើការឃាត់ខ្លួនស្រ្តីពីរនាក់ និងរំដោះក្មេងៗប្រាំមួយនាក់ ពាក់ព័ន្ធបទល្មើសកេងប្រវ័ញ្ចពលកម្មលើកុមារ តាមរូបភាពប្រើក្មេងៗដើរសុំទាន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ប្រតិបត្តិបង្រាបនេះ អនុវត្តន៍នៅចំណុច ផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ស្ត្រីជាប់បទល្មើសទាំង២នាក់ ដែលឃាត់ខ្លួនពេលនេះ គឺឈ្មោះ ឆែ ធឿន អាយុ៥៨ឆ្នាំ និងឈ្មោះ នួន ទូច អាយុ២៨ឆ្នាំ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បានសារភាពថា ជារៀងរាល់ព្រឹក ពួកខ្លួនតែងតែដឹកក្មេងៗ តាមម៉ូតូកង់បី យកក្មេងៗ មកដាក់នៅផ្សារឈូកមាស ដើម្បីឲ្យដើរសុំទាននៅក្នុងផ្សារ។
លុះដល់ម៉ោង៥ ឬម៉ោង៦ល្ងាច ទើបពួកខ្លួនមកដឹកក្មេងៗទាំងនោះ ក្មេងម្នាក់ៗក្នុងមួយថ្ងៃ អាចសុំទានបានលុយពី២០០ ០០០រៀល ទៅ៤០០ ០០០រៀល ហើយយកមកចែកគ្នា៕