ភ្នំពេញ៖ រយៈពេល១ខែ នៃការអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនគរបាលចរាចរណ៍ផាកពិន័យយានយន្តគ្រប់ប្រភេទ សរុបជាទឹកប្រាក់ប្រមាណ បីពាន់លានរៀល ស្មើនឹងប្រមាណជាង៧០ម៉ឺនដុល្លារអាមេរិក។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បានឲ្យដឹង នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ រយៈពេល១ខែដំបូង ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ថា ក្នុងចំណោមយានយន្តល្មើសច្បាប់ទាំងអស់ មានប្រមាណ២០ភាគរយ មិនទាន់មកបង់ប្រាក់ផាកពិន័យនៅឡើយ។
សូមបញ្ជាក់ថា រយៈពេល០១ខែ (គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន៣២,៧២៦ករណី ស្មើនឹង៧៣ភាគរយ និងរថយន្តគ្រប់ប្រភេទចំនួន១២,០៣៩ករណី ស្មើនឹង២៧ភាគរយ ៕