ភ្នំពេញ៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលេីកទី៦ ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា និងគ្រូ-បុគ្គលិក សរុបចំនួន ២២៥នាក់ នៃបុរីទារក និងកុមារជាតិ ដែលមានទីតាំងនៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២០ ។
លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងព្រះរាជបណ្តាំរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះកុមារនិងបុគ្គលិកទាំងអស់ ជាពិសេសការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក ដែលបានយកអស់កម្លាំងកាយ-ចិត្ត មេីលថែទាំ ចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំ ដល់កុមារទាំងអស់ប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។
លោកស្រីអគ្គលេខាធិការ បានផ្តាំផ្ញេីដល់គ្រូ-បុគ្គលិកទាំងអស់ សូមបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅ ជាពិសេស ការរក្សាអនាម័យដៃស្អាត ពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា។
លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ជាព្រះប្រធានកិត្តិយស ដែលតែងតែគិតគូរពីសុខទុក្ខ ដល់កូនចៅ ហើយបានឧបត្ថម្ភជាបន្តបន្ទាប់។
សូមបញ្ជាក់ថា អំណោយប្រគល់ជូនបុរីទារកនិងកុមារជាតិ រួមមាន អង្ករ ៣តោន មី ត្រីខ ទឹកក្រូច ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ អាល់កុល ម៉ាស់និងថវិកា ១០លានរៀល ៕