ប្រព័ន្ធផ្សព្វផ្សាយ CNN បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី២៨ ខែមករា ដើមសប្តាហ៍នេះ ជនអន្តោប្រវេសន៍ចំនួន២៤២នាក់ ដែលភាគច្រើនជាជនជាតិ កាតេម៉ាឡា បានធ្វើដំណើរឆ្លងកាត់ព្រំដែនប្រទេសម៉ិកស៊ិកចូលទៅកាន់ទឹកដីអាមេរិក ។
សូមរំលឹកថា កាលពីសប្តាហ៍មុន ក៏មានជនអន្តោប្រវេសន៍ចំនួន៣៧៥នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាហ្រ្វិកកណ្តាល បានឆ្លងកាត់ព្រំដែនប្រទេសម៉ិកស៊ិកចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកផងដែរ ។
ចាប់តាំងពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ត្រាំ បានចាត់វិធានការយ៉ាងតឹងតែង លើការទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុងទឹកដីអាមេរិក ជាពិសេសតាមច្រកព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ។
ទោះបីជាមានចំណាត់ការតឹងតែងយ៉ាងណាក៏ដោយ ក៏ក្នុងរដ្ឋការរបស់លោក ត្រាំ នេះ គេសង្កេតឃើញមានជនអន្តោប្រវេសន៍ខុសច្បាប់ច្រើនបំផុត មកពីជុំវិញពិភពលោក បានធ្វើដំណើរចូលទៅក្នុងទឹកដីអាមេរិក ៕