ក្នុងកិច្ចជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោក Ermenegildo “Kupa” Lopes បានថ្លែងថា រដ្ឋាភិបាលនៃប្រទេសទីម៉ឡេស្តេសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះភាពរីកចំរើនរបស់ប្រទេ សកម្ពុជា ដែលមានការអភិវឌ្ឍបានយ៉ាងឆាប់រហ័ស ដែលភាពរីកចម្រើននេះ គឺដោយសារតែការដឹកនាំដ៏ល្អរបស់ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា។
លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្លើកឡើងថា ក្នុងអាណត្តិ នៃបេសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា លោកនឹងខិតខំជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងសភានៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
លើសពីនេះលោកថ្លែងថា អគ្គស្នងការនគរបាលទីម័រឡេស្តេចង់ឱ្យមានកិច្ចសហប្រ តិបត្តិការល្អ ជាមួយនឹងអគ្គស្នងការនគរបាលនៃព្រះរា ជាណាចក្រកម្ពុជាខាងការបណ្តុះបណ្តាលជំនាញសន្តិសុខ និងជំនាញផ្សេងៗជាមួយក្រសួងមហាផ្ទៃកម្ពុជាផងដែរ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា សម្តេចពិតជាមានសេចក្តីរីករាយ និងស្វាគមន៍ចំពោះលោក ដែលត្រូវបាន ប្រធានាធិបតីនៃសាធារណរដ្ឋទីម័រឡេស្តេ តែង តាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេសេ្តប្រចាំព្រះ រាជាណាចក្រកម្ពុជា។
សម្តេចមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មរបស់លោកពិតជានឹងខិតខំបប្រឹងប្រែងដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើន និងរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលត្រូវបានភ្ជាប់ទំនាក់ទំនងការទូតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ហើយសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានបើកនិវេសនដ្ឋានដំបូងនៅកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥។
ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជា ជន និងប្រទេសទាំងពីរ មានការរីកចម្រើនឥតឈប់ឈរតាមរយៈនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំកំពូល។
លើសពីនេះ មន្ត្រីជំនាញតាមស្ថាប័ននានាទៅវិញទៅ មក ជាបន្តបន្ទាប់ ក៏ដូចជាតាមរយៈនៃការគាំទ្រគ្នាទៅ វិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងសមាគមអាស៊ាន ក៏ដូចជាក្នុងអង្គការស ហប្រជាជាតិជាដើម៕