ភ្នំពេញ៖ លោកស្រ៊ុន ពៅ ប្រធានសមាគមន៍ ចិញ្ចឹមជ្រូកនៅកម្ពុជា មានប្រសាសន៍ថា ការនាំជ្រូកចូលពីប្រទេសជិតខាងមកកម្ពុជា វាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ការចិញ្ចឹមជ្រូកនៅក្នុងស្រុក ។
លោកបញ្ជាក់ថា ការនាំចូលជ្រូករស់ពីប្រទេសវៀតណាមក្នុងមួយថ្ងៃមិនក្រោមជាង២០០០ក្បាលនោះទេ ហើយពុំបានពិនិត្យជំងឺជ្រូកពីមន្ត្រីជំនាញនោះទេ ដូចនេះវាអាចនាំជំងឺចូលមកកម្ពុជាយើង ។ ជាទូទៅ មន្ត្រីនៅច្រកទាំងនោះពុំមានវិធានការណ៍ទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ឡើយ ។
ក្នុងនាមលោក ប្រធានសមាគមន៍ ចិញ្ចឹមជ្រូកនៅកម្ពុជា បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ត្រូវមានវិធានការណ៍លើបញ្ហានេះផង គួរតែបញ្ជូនមន្ត្រី ជំនាញ ឬពេទ្យសត្វទៅឈរជើងនៅតាមតំបន់ច្រកព្រំដែនទាំងនោះផង ដើម្បីចាំត្រួតពិនិត្យមើលសុខភាពជ្រូកទាំងនោះ ថាតើមានជំងឺ ឬគ្មានជំងឺ ។
លោកបានសំណូមដល់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ សូមជួយមានវិធានការណ៍ ទប់ស្កាត់ និងបង្រ្កាបចំពោះការនាំជ្រូកចូលពីប្រទេសជិតខាង ចូលមកកម្ពុជា ឲ្យបានម៉ត់ចត់។ ហើយអ្នកដែលនាំជ្រូកចូលត្រូវតែគោរពគោលការណ៍ឲ្យបានច្បាស់លាស់ ។ ចំពោះអ្នកចិញ្ចឹជ្រូកក្នុងស្រុក ត្រូវរក្សាអនាម័យ និងសុខភាពរបស់ជ្រូកឲ្យបានល្អប្រសើរ ។
រយះពេលកន្លងទៅថ្មីៗនេះ លោករដ្ឋមន្ត្រី វេង សាខុន បានអំពាវនាវឱ្យវិស័យឯកជនចូលរួម និងសហការណ៍ឱ្យបានពេញពេញគ្រប់ខ្សែសង្វាក់ផលិតកម្មទាំងអស់ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឱ្យបានជាប្រយោជន៍ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ហើយសង្ឃឹមថា កម្ពុជានឹងមានឱកាសក្នុងការប្រកួតប្រជែងប្រកបដោយកិត្តិយស និងកិត្តិនាមរបស់ផលិតផលខ្មែរលើឆាកអន្តរជាតិ៕