ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានច្រានចោលទាំងស្រុងនូវព័ត៌មានផ្សាយថា ជនជាតិវៀតណាមមានអាយុ១៨ឆ្នាំម្នាក់ ដែលធ្វើដំណើរចេញពីប្រទេសកម្ពុជា មានផ្ទុកមរោកគកូរ៉ណា។
ការប្រកាសច្រានចោលនេះ ត្រូបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោយពីវែបសាយសារព័ត៌មានមួយ ឈ្មោះ លុយអាត វៀតណាម (luatvetnam.vn) បានផ្សាយអំពីមានករណីយុវជនជនជាតិវៀតណាមម្នាក់ អាយុ១៨ឆ្នាំ ជាអ្នកជំងឺកូវីដ-១៩ ធ្វើដំណើរពីកម្ពុជាចូលទៅវៀតណាម តាមច្រកទ្វារព្រំដែន ថុងហ្វឺក (Thuong Phuon) ខាងខ្មែរហៅថា ច្រកក្អមសំណរ កាលវ
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តមានលទ្ធផលវិជ្ជមាន ហើយបានដាក់ឲ្យព្យាបាលនៅមណ្ឌលសុខភាព ង្វានហុងងឺ (Huyen Hong Ngu health center) នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រីបានលើកឡើងថា ចំពោះការចុះផ្សាយលើទំព័រវែបសាយសារព័ត៌មាននេះ ក៏មិនមានយោងរបាយការណ៍ជាផ្លូវការណាមួយស្តីពីករណីជនជាតិវៀតណាមរូបនេះដែរ ដែលត្រូវបានផ្តល់ដោយអាជ្ញាធរសុខាភិបាលវៀតណាម តាមប្រព័ន្ធរាយការណ៍ឲ្យគ្នាទៅវិញទៅមក (EOC) នៃជំងឺឆ្លងថ្មីៗ ក្នុងបណ្តាប្រទេសអាស៊ាននោះទេ។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមការងាររបស់ក្រសួងសុខាភិបាលកម្ពុជា និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ជាពិសេសខេត្តព្រៃវែង ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនមានបុគ្គលជនជាតិវៀតណាមខាងលើនេះនៅកម្ពុជា ឬចេញតាមច្រកដូចបានលើកឡើងក្នុងសារព័ត៌មានខាងលើនេះដែរ។
សេចក្ដីថ្លែងការណ៍បន្តថា តាមរយៈការចុះផ្សាយនោះទៀតបង្ហាញច្បាស់ថា បុគ្គលរូបនេះជាជនជាតិវៀតណាម រស់នៅឃុំថុងហ្វូក ស្រុកបៀនហុងងឺ (Huyen Hong Ngu) ខេត្តដុងថាប់ ប្រទេសវៀតណាម ។ ដូច្នេះមិនមែនរស់នៅក្នុងទឹកដីកម្ពុជាឡើយ ដូច្នេះ ការចម្លងមេរោគកូរ៉ណានេះ គឺមានតែការឆ្លងនៅក្នុងប្រទេសវៀតណាមនេះតែម្តង។
លោករដ្ឋមន្ត្រីបានសរសេរថា «គ្រប់ព័ត៌មានដែលក្រសួងបានឃើញការចុះផ្សាយ ក្រុមការងាររបស់ក្រសួងតែងតែធ្វើការស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយបានធ្វើការរុករកយ៉ាងហ្មត់ចត់ ហើយថ្ងៃនេះ ខ្ញុំសូមជម្រាបជូនថា មិនមានករណ៍វិជ្ជមានវីរុសកូវីដ-១៩ ថ្មីណាមួយត្រូវបានរកឃើញ ឬរាយការណ៍តាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់ក្រសួងនោះឡើយ។
«ក្រសួងសុខាភិបាលសូមអំពាវនាវដល់ភាគីមិត្តវៀតណាម សូមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិលើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ ដែលជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ ដើម្បីផលប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស។
«ជាថ្មីម្តងទៀត ក្រសួងសុខាភិបាលនៅតែប្រកាន់ជំហរសហប្រតិបត្តិការល្អ មានតម្លាភាពជានិច្ច ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩ (COVID-19) ដែលជាជំងឺរាតត្បាតដ៏កាចសាហាវជាសកល»។
Daily-Khmer សូមរំឭកថា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយឈ្មោះ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត១លានកន្លះហើយ គឺចំនួន៧ ៤៤៥ ២៨៩នាក់ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនានេះ ដែលជាកំណើនឆ្លងក្នុងល្បឿនលឿនដដែល។
ចំពោះកំណើនមនុស្សស្លាប់ ក៏បានកើនឡើងយ៉ាងលឿនផងដែរ ដែលគិតត្រឹមថ្ងៃទី១១ ខែមិថុនានេះ មនុស្សស្លាប់បានកើនឡើងដល់ចំនួន៤១៨ ១២៧នាក់ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន៣ ៧២៣ ៥៩០នាក់ បានជាសះស្បើយពីវីរុសនេះ។
សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនានេះ មនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩នៅជុំវិញពិភពលោក មានចំនួន១៣៣ ៧៦៥នាក់ និងអ្នកជំងឺចំនួន៥ ១៥៥នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ ក្នុងរយៈពេលពេល២៤ម៉ោងចុងក្រោយនេះ៕