កណ្តាល៖ នៅថ្ងៃថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តកណ្តាល មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្តកណ្តាល បានរកឃើញកសិផលជាច្រើនមុខ នាំចូលពីបរទសតាមច្រកទ្ធារអន្តរជាតិជ្រៃធំ ខេត្តកណ្តាលមានផ្ទុកសារធាតុគីមីពុលរើសកម្រិត និងធ្វើឲ្យប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកទទួលទាន។
កសិផលនាំចូលពីបរទេស ហើយមានផ្ទុកសារធាតុគីមីហាមឃាត់នេះ មានចំនួនប្រាំមួយប្រភេទ គឺស្ពៃបូកគោ ផ្កាខាត់ណា ពោតបារាំង ក្រូចឆ្មាតូច ផ្កាគូឆាយ និងផ្លែល្ពៅ ដែលកសិផលទាំងនេះ ត្រូវរកឃើញសារធាតុពុល ដោយរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម។
មុននិងរកឃើញសារធាតុពលនេះ មន្ត្រីជំនាញបានដកយកគំរូបន្លែ២២មុខ រួមមាន៖ ស្ពៃក្តោប ត្រសក់ ស្ពៃបូកគោ ត្រប់វែង ប៉េងប៉ោះ ផ្កាខាត់ណា ពោតបារាំង ផ្កាស្នោ ក្រូចឆ្មារ ឃ្លោក ផ្លែម្រះ ម្ទេស ត្រប់ស្រួច ផ្លែល្ពៅ ននោង សណ្តែកបារាំង ស្ទឹកខ្ទឹម ម្ទេសប្លោក ផ្កាគូឆាយ និងផ្កាឡៃហៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញបន្លែរួមមាន៖ ស្ពៃបូកគោ ផ្កាខាត់ណា ពោតបារាំង ក្រូចឆ្មាតូច ផ្កាគូឆាយ និងផ្លែល្ពៅ មានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត។
បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតដើម្បីកម្ទេចចោល និងបានណែនាំឲ្យម្ចាស់ទំនិញទាំងនេះធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូលម្ហូបអាហារ បន្លែ ផ្លែឈើណា ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ បើមិនដូច្នេះទេ អាចត្រូវប្រឈមមុខនឹងវិធានការផ្លូវច្បាប់៕