ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ត្រីជំនាញទទួលបន្ទុកសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ ចុះពិនិត្យ និងបិទអាជីវកម្មជាបន្ទាន់ចំពោះពេទ្យធ្មេញ ជាងធ្មេញ ក្លីនិកអត់ច្បាប់ និងឱសថស្ថានគ្មានច្បាប់ នៅក្នុងមូល ដ្ឋានរបស់ខ្លួន ដើម្បីបង្ការគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ។
លោក ឃួង ស្រេង បានឲ្យដឹងបែបនេះ នៅក្នុងពិធីប្រកាស “ផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការ មន្ទីរសុខាភិបាល ស្ថិតក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ” កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ទប់ស្កាត់នឹងមានវិធានការ នៅក្នុងរដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ននេះ ពិតជាមានការខ្វះចន្លោះ នៅចំណុចគ្លីនិក អត់មានច្បាប់ គ្មានការអនុញ្ញាតិ ពីក្រសួងសុខាភិបាល។
លោកអភិបាលរាជធានីបញ្ជាក់ថា ពេទ្យធ្មេញនឹងក៏មាន ពេទ្យធ្មេញតាមត្រកូល ឬជាងធ្មេញខ្លះ គាត់មើលធ្មេញផ្ទេរពីឪទៅកូន ប៉ុន្តែអ្នកខ្លះគាត់មានគំនិត គាត់រៀនពីឪទៅកូន ជីវភាពធូរធារ គាត់បានបញ្ជូនកូន ទៅរៀនពេទ្យធ្មេញហើយក្រោយមកទៀត កូនគាត់ក៏ឈរជាពេទ្យធ្មេញ នឹងប្រកបរបអាជីវកម្ម បើកពេទ្យតទៅ ប៉ុន្តែអ្នកខ្លះទៀត មិនបានមានវិជ្ជាជីវៈ ដូចនេះមន្ទីរសុខាភិបាល ត្រូវបិទឲ្យអស់ចំណុចនេះ ។
លោក បានបញ្ជាក់បន្ថែមថា “អ្នកខ្លះសុំច្បាប់បើកកន្លែង ពិគ្រោះយោបល់ ឬក៏បើកកន្លែងធ្វើតេស្តឈាមស្រាប់តែកន្លែងធ្វើតេស្តឈាម ទៅជាកន្លែងព្យាបាលជំងឺក៏មាន មិនត្រូវនឹងបទដ្ឋានបច្ចេកទេស តែចំណុចនេះ មន្ទីរសុខាភិបាល ដឹងច្បាស់លើបញ្ហានេះ ត្រូវធ្វើកិច្ចការងារនេះ ឲ្យបានប្រាកដធ្វើយ៉ាងណាទីក្រុងភ្នំពេញ កុំឲ្យមានបទល្មើសនេះកើតឡើង គ្រប់គ្រង ទីតាំងក្លីនិកឯកជនទាំងអស់ ក៏ដូចជាគ្រប់គ្រងទីតាំងក្លីនិកដែលអត់ច្បាប់ត្រូវលុបចោល ។ ដោយឡែកក្លីនិកដែលមានច្បាប់ ត្រូវតម្រង់ទិសគាត់ ធ្វើកិច្ចការងារនេះ ឲ្យបានល្អ ហើយតាមដានទាំងអស់គ្នា ។
លោក អភិបាលរាជធានីភ្នំពេញ បានជំរុញដល់អភិបាលខណ្ឌទាំង១៤ ត្រូវដឹង ក្លីនិកនៅក្នុងដែនសមត្ថកិច្ចខ្លួនឯង មានប៉ុន្មាន ផ្នែកអ្វីខ្លះ មានច្បាប់ ឬគ្មានច្បាប់ ត្រួតពិនិត្យបញ្ហានេះ ។ មិនបណ្តោយស្រេចតែចិត្តមិនបានទេ ៕