កំពង់ធំ៖ មន្ត្រីនគរបាលស្រុកសណ្ដាន់ ខេត្តកំពង់ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានចាប់ខ្លួនស្ត្រីពីរនាក់ តាមបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ពីបទសង្ស័យរកស៊ីបំភ័ន្តភ្នែកជញ្ជីង ដោយយកកៅស៊ូស្បែកជើង មកកល់ម៉ូរឺស័រនៅក្នុងជញ្ជីង ព្រោះចង់បានចំណេញក្នុងការទិញលក់ទំនិញ ដែលក្នុង១០០គីឡូក្រាម បាត់អស់២០គីឡូក្រាម។
ស្ត្រីទុច្ចរិតពីរនាក់ម្តាយ និងកូន ពូកែខាងលួចបន្លំភ្នែកជញ្ជីង ត្រូវបានស្គាល់ឈ្មោះថា យន បុប្ឋា ជាម្តាយ និងឈ្មោះ ឡុង ចន្ថា ជាកូនស្រី ដែលជាអ្នកទិញជ័រកៅស៊ូ ប្រចាំភូមិលែង ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ចំណែកអ្នកលក់កៅស៊ូម្នាក់ ដែលបានរកស៊ីលក់ជ័រឲ្យស្ត្រីពីរនាក់ច្រើនឆ្នាំមកហើយ ប៉ន្តែពុំបានដឹងថា អ្នកទិញ ឈ្មោះ យន បុប្ឋា និងឈ្មោះ ឡុង ចន្ថា បានប្រើល្បិចលួចកល់កៅស៊ូស្បែកជើងផ្ទាត់ បង្កប់នៅក្នុងជញ្ជីង ដើម្បីស៊ីភ្នែកជញ្ជីងទាល់តែសោះ។ ប៉ុន្តែ នាពេលថ្មីៗនេះ អ្នកលក់ជ័រកៅស៊ូបានប្តឹងម្តាយ និងកូន មកអធិការដ្ឋាននគរបាលស្រកកសណ្ដាន់ ពីបទលួចកេបកេងតាមរយៈកែភ្នែកជញ្ជីង ហើយព្រះអាជ្ញាបញ្ជាឲ្យចាប់ខ្លួនតែម្តង។
ក្រោយពីចាប់ខ្លួនភ្លាម មន្ត្រីនគរបាល បានរឹបអូសយកជញ្ជីងនេះ មកពិនិត្យមើល ទើបដឹងថា ជញ្ជីងខ្នាត១២០គីឡូក្រាម ឃើញមានកៅស៊ូស្បែកជើងកល់ម៉ូរឺស័រ ឲ្យថ្លឹងនៅត្រឹម៨០គីឡូក្រាម ទោះដាក់ទម្ងន់ប៉ុន្មានក៏ដោយ។
ក្រោយពីដឹងការពិតថា ស្ត្រីទាំងពីរនាក់ម្តាយ និងកូន រកស៊ីទុច្ចរិត កាលពីម្សិលមិញ ត្រូវមន្ត្រីនគរបាលបញ្ជូនខ្លួនមកតុលាការខេត្តកំពង់ធំ ដើម្បីរៀបចំបែបបទ សម្រាប់ដាក់គុកពីបទលួចបន្លំភ្នែកជញ្ជីង៕