ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក អ៊ុន ចាន់ដា ដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យមើលការជួសជុលច្រាំងទន្លេនៅក្រុងកំពង់ចាមនិងស្រុកកោះសូទិន

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យសកម្មភាព ការស្ថាបនា និងជួសជុលច្រាំងទន្លេចំនួន បួន កន្លែងចំនួនពីរកន្លែងបានសាងសង់រួចរាល់មួយរយភាគរយ និងចំនួនពីរ កន្លែងផ្សេងទៀតសម្រេចបានប្រមាណ ២០ ភាគរយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

លោកអភិបាលខេត្តកំពង់ចាម បានជំរុញឱ្យក្រុមហ៊ុនដែលទទួលការសាងសង់ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងធ្វើយ៉ាងណាពន្លឿនការងារនៅសល់ចំនួន ៨០ភាគរយទៀតសាងសង់ឱ្យបានហើយរួចរាល់មុនរដូវទឹកទន្លេឡើង។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឲ្យដឹងថា ការជួសជុលច្រាំងទន្លេគិតត្រឹមសប្តាហ៍ទី២ ខែមិថុនា ឆ្នាំ ២០២០ គឺច្រាំងទន្លេមេគង្គនៅក្បែរចំណុចលូស្ថិតក្នុងភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ជួសជុលប្រវែង ២១ ម៉ែត្ររួចរាល់មួយរយភាគរយ។

ដោយឡែកលទ្ធផលសាងសង់ច្រាំងទន្លេមេគង្គប្រវែង ៥៥ ម៉ែត្រនៅខាងក្រោយសាលាសង្កាត់កំពង់ចាម គឺបានសម្រេចចំនួន ២០ ភាគរយ និងលទ្ធផលស្ថាបនាច្រាំងទន្លេតូចប្រវែង ៦០ម៉ែត្រស្ថានក្នុងឃុំពង្រ ស្រុកោះសូទិនក៏សម្រេចបានប្រមាណ ២០ភាគរយ

លោក វិបុល បានបន្ថែមថា ក្នុងដំណើរចុះត្រួតពិនិត្យដំណើរការស្ថាបនាច្រាំងទន្លេខាងលើនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានសំណូមពរដល់ក្រុមហ៊ុនដែលទទួលការងារសាងសង់ ធ្វើយ៉ាងណាគោរពតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ និងប្រឹងប្រែងសម្រុកការងារដែលនៅសល់ចំនួន ៨០ភាគរយនោះឱ្យហើយមុនរដូវទឹកទន្លេមេគង្គជន់ឡើងមកដល់៕