ភ្នំពេញ៖ ចំណតរថយន្តក្រោមដី សួនច្បារពីលើ នៅត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិក និងក្រសួងសេដ្ឋកិច្ច (សួនច្បារ មិត្តភាពកម្ពុជាថៃ) ទំហំពីរជាន់អាចផ្ទុករថយន្តបាន ៣៤០គ្រឿង ហើយសាងសង់សម្រេចបាន១០០ភាគរយ និងដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ។
សូមបញ្ជាក់ថា លក្ខណៈពិសេសនៅចំណតរថយន្តនេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើប និងសុវត្ថិភាព ស្តង់ដារខ្ពស់១០ ចំណុចសំខាន់ៗរួមមាន ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេនស័រ សម្រាប់ចំណតរថយន្ត ប្រព័ន្ធអគ្គិភ័យជណ្តើរយន្តជនពិការ ប្រព័ន្ធប្រកាសអាសន្ន ស្លាកសញ្ញា LED សម្រាប់សម្គាល់ទីតាំងចត និងគំនូសសញ្ញា ប៉ុស្តិ៍សន្តិសុខ ត្រួតពិនិត្យ បន្ទប់ទឹកទូទៅ និងបន្ទប់ទឹកជនពិការ ប្រព័ន្ធបឺតផ្សែងរថយន្ត និងប្រព័ន្ធបូមទឹកទំនើបកម្មជាដើម។
ចំណតរថយន្តក្រោមដី ធ្វើឡើងក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធា រណៈ ដើម្បីចតរថយន្ត និងសម្រួលដល់ការកកស្ទះចរាចរណ៍ និងធ្វើឲ្យសណ្តាប់ធ្នាប់តាមទ្រូងផ្លូវកាន់តែប្រសើរឡើង។
សាលារាជធានីភ្នំពេញ សហការណ៍ជាមួយក្រុមហ៊ុនOCIC បាននឹងកំពុងខិតខំសាងសង់ចំណតយានយន្តក្រោមដីសរុបចំនួន៤កន្លែង ហើយពេលនេះ សម្រេចបាន ២ កន្លែងរួមមាន៖
ទី១ នៅក្រោមសួនច្បារចន្លោះវិមានកាណាឌីយ៉ា និងអគារវឌ្ឍនកាពីតាល់ ឆ្ពោះទៅកាន់ផ្សាររាត្រី មាត់ទន្លេ ។
ទី ២ នៅក្រោមសួនច្បារ មិត្តភាព កម្ពុជា-ថៃ ត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិក និងក្រសួងសេដ្ឋកិច្ច ហើយចំពោះ ២កន្លែងផ្សេងទៀតនៅសួនស្ពាននាគ គ្រោងនឹងបញ្ចប់ការសាងសងក្នុងពេលឆាប់ៗខាងមុខ៕