ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ស៊ុន ចាន់ថុល បានយកថវិកាវិភាគទានសប្បុរសធម៌ចំនួន ៨០០ ៤៨០ ០០០រៀលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា 5″ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖  លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននាំយកថវិកា វិភាគទានសប្បុរសធម៌ដែលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥” ទៅប្រគល់ ជូនមន្ទីរ ពេទ្យគន្ធបុប្ផា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ។

សូមជម្រាបជូនថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹក ជញ្ជូនបានបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដែលមាន លក្ខណៈពិសេសអាចកម្មង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការនិងផ្តល់ជម្រើសសម្បូណ៌បែបជូន ប្រជាពលរដ្ឋ ហើយស្លាកលេខប្រភេទនេះបង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនរដ្ឋ និងអាចអនុញ្ញាតឱ្យម្ចាស់រថយន្តរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្ត ថ្មីរបស់ខ្លួនក្រោយៗទៀត។​

យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យ ប្រគល់ថវិកានេះជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជាដោយដាក់បញ្ចូលទៅក្នុងមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីចូលរួមចំណែកក្នុងការពិនិត្យនិងការព្យាបាលជំងឺកុមារនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការលក់លេខពិសេសផ្ទាល់ខ្លួនដែលត្រូវបានដាក់ឲ្យអនុវត្ត កន្លងទៅនេះជាប្រភពចំណូលថ្មីមួយទៀត ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណ ការ និងដឹកជញ្ជូនបានបង្កើតឲ្យមានការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដើម្បីជា គុណប្រយោជន៍ដល់ថវិកាជាតិ។ ចំណូលពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥” ដែលទទួលបាន ទឹកប្រាក់ចំនួន៨០០ ៤៨០ ០០០រៀលគឺជាប្រវត្តិសាស្ត្រមួយដែលប្រភេទលេខពិសេសផ្ទាល់ខ្លួនមួយនេះ លក់បានក្នុងតម្លៃខ្ពស់គួរជាទីមោទនៈ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោក ស៊ុន ចាន់ថុល ដែលបានធ្វើឱ្យសេវាសាធារណៈកាន់តែល្អប្រសើរសម្រាប់បងប្អូនប្រជាពលរដ្ឋ និងអាចបង្កើនប្រាក់ចំណូលជូនរដ្ឋផងដែរ។

លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាជិក សមាជិកាអន្តរក្រសួងដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួននាពេលកន្លងមក ដោយទទួលបាននូវលទ្ធផលល្អប្រសើរ និងបានស្នើឲ្យបន្តកិច្ចសហការល្អបន្តទៀត ដើម្បីឱ្យសេវានេះកាន់តែល្អ ប្រសើរឡើងថែមទៀត និងអាចរកណូលជូនរដ្ឋបានកាន់តែច្រើន៕