ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបតំណាងក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M ដើម្បីពង្រីកទីផ្សារពាណិជ្ជកម្មនៅកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបតំណាងក្រុមហ៊ុន Adidas និងក្រុមហ៊ុន H&M ដឹកនាំដោយលោក ម៉ាតធ្យូ អាំស្ត្រង (Matthew Armstrong) នាយកផ្នែកបញ្ជាទិញនៃការិយាល័យតំណាងក្រុមហ៊ុន Adidas និងលោក គ្រីស្តឺ ហ៊ន អាហ្វ អាមីន (Christer Horn af Aminne) នាយកផ្នែកផលិតកម្មទទួលបន្ទុកប្រទេស កម្ពុជា និងវៀតណាម នៃក្រុមហ៊ុន H&M។

លោករដ្ឋមន្ត្ក្រីសួងពាណិជ្ជកម្ម បានជម្រាបជូនតំណាងក្រុមហ៊ុនទាំងពីរ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដោយក្រសួងពាណិជ្ជកម្មកំពុងតែធ្វើការចរចា និងសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួន។

លោករដ្ឋមន្ត្រី បានស្នើសុំឲ្យក្រុមហ៊ុនបន្តបញ្ជាទិញពីកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកាត់ដេរនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានផុតទៅវិញ។

ក្រុមហ៊ុនទាំងពីរបានឆ្លើយតបជាវិជ្ជមាន ព្រមទាំងទទួលធ្វើការបន្ថែមជាមួយរាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិស័យកាត់ដេរនៅកម្ពុជា៕